សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការខេត្តកំពង់ឆ្នាំងចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងឃុំចំនួន២ក្នុងស្រុកជលគីរី

ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី២៥ ខែកញ្ញា​ឆ្នាំ២០២៣នេះសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដឹកនាំដោយលោកវរៈសេនីយ៍ទោ ជុន បូរី នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តមានគ្នាសរុបចំនួន ២០ នាក់មធ្យោបាយធ្វើដំណើរបាឡាស្មាច់ចំនួន ៥ គ្រឿងចុះធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទនៅចំណុចក្នុងភូមិសាស្ត្រ ភូមិគៀនតាម៉ា ឃុំកំពុងអូស និងភូមិក្បាលកន្លង់ ឃុំពាមឆ្ងោកស្រុកជល់គីរី ។

នៅក្នុងកិច្ចប្រតិបត្តការពេញមួយថ្ងៃនេះលទ្ធផលធ្វើការបង្ក្រាបនិងបានកាប់កំទេចចោលនៅនឹងកន្លែងរួមមានរបាំងសាច់អួនវែងៗចំនួន ១៤ កន្លែងមានប្រវែង ៥.៥០០ ម៉ែត្រ, លបលូសាច់អួនចំនួន ៣៩ គ្រឿង , បង្គោល ១.១០០ ដើម,និងបានចាក់លែងកូនត្រីចំរុះល្អិតៗចូលទៅក្នុងបឹងទន្លេធម្មជាតិវិញ ចំនួន ៨៩០ គីឡូ។

លោកឧត្តមសេនីយ៍ទោ ខូវលី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី២៥ ខែកញ្ញានេះបានឲ្យដឹងថាដោយអនុវត្តតាមបទបញ្ជារឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃនេះលោកបានបញ្ជារកងកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត នគរបាលចរាចរណ៍ខេត្តនិងនគរបាលអន្តរាគមន៍ សហការគ្នាចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសា ស្ត្រស្រុកជលគិរី ។

លោកស្នងការបានបញ្ជាក់ទៀតថា តាមគោលការណ៍ដែលបានប្រជុំឯកភាពនៅ ក្នុងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តគឺកម្លាំងសមត្ថកិច្ចចម្រុះខេត្តនិង គ្រប់បណ្ដាស្រុកនិងនគបាលប៉ុស្ដ៍ត្រូវចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទជាប្រចាំ ដើម្បីលប់បំបាត់បទល្មើសនេសាទអស់ទាំងស្រុង ក្នុងនោះសមត្ថកិច្ចក៏បានរៀបចំផែនការ ចាប់ខ្លួនក្រុមជនប្រព្រឹត្តដាក់បទល្មើសទ្រង់ទ្រាយធំៗដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ ក្នុងនោះសមត្ថកិច្ច ក៏ត្រូវធ្វើការស្រាវជ្រាវរកមន្ត្រីខិលខូចមួយចំនួនដែលមានជាប់ការពាក់ពន្ធ័ប្រព្រឹត្តអំពើពុករលួយ ដែលជាខ្នងបង្អែកបង្កើតជាបទល្មើស មកផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ ទើបបទល្មើសនេសាទមានការថយចុះ ។ ដោយងិន វាសនា

Leave a Reply

Your email address will not be published. Required fields are marked *