ខេត្តក្រចេះ៖ អាជ្ញាធររខេត្តក្រចេះ ចុះពិនិត្យទីតាំងទួលសុវត្ថិភាព ដើម្បីត្រៀមសម្រាប់ឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ ឯកឧត្ដម គង់ គឹមនី អភិបាលរងខេត្តក្រចេះ និងជាប្រធានលេខាធិការដ្ឋាន នៃគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅថ្ងៃទី ០១ សីហា ឆ្នាំ ២០២៣ បានដឹកនាំក្រុមការងារស្រុក ចុះពិនិត្យ មើលទីតាំងទួលសុវត្ថិភាពចំនួន ០២ កន្លែង ក្នុងស្រុកចិត្របុរី ដើម្បីត្រៀមឆ្លើយតបទៅនឹងគ្រោះមហន្តរាយ(ទឹកជំនន់ និងជំនន់ទឹកភ្លៀង) ។
ក្នុងដំណើរចុះពិនិត្យ ឯកឧត្ដម គង់ គឹមនីអភិបាលរងខេត្តទទួលបន្ទុក បានបញ្ជាក់ថា ៖ តបតាមការណែនាំរបស់ដ្ឋបាលខេត្ត ដែលមានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស្តីពីការរៀបចំទីទួលសុវត្ថិភាព សម្រាប់កាត់បន្ថយហានីភ័យ និងឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយ ទឹកជំនន់ទន្លេមេគង្គ ឬទឹកភ្លៀង នាពេលខាងមុខដែលស្ថានភាពកម្ពស់ទឹក ទន្លេមេគង្គខេត្តក្រចេះ កម្រិតកម្ពស់ទឹកប្រុងប្រយ័ត្ន ២២.០០ ម៉ែត្រ ជូនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក្រុង-ស្រុក ទាំង ៧ ដើម្បីត្រៀមរៀបចំសម្អាតទីតាំងទួលសុវត្ថិភាពឲ្យបាលរួចរាល់ ។
លោកបន្តថា ៖ ដើម្បីកាត់បន្ថយហានីភ័យ និងឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ ដែលអាចបង្កឡើងដោយសារទឹកទន្លេមេគង្គ ឬទឹកភ្លៀងដល់ប្រជាពលរដ្ឋរស់នៅតំបន់ងាយរងគ្រោះ គណៈ កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានធ្វើការណែនាំដល់រដ្ឋបាលឃុំ សង្កាត់ ភូមិ -ត្រូវរៀបចំ និងសម្អាតទីទួលសុវត្ថិភាព និងទីទួលសាធារណៈ ដែលមានស្រាប់ សម្រាប់ត្រៀមជម្លៀសប្រជាពលរដ្ឋនៅពេលមានទឹកជំនន់កើតឡើង-តាមដានត្រួតពិនិត្យជាប្រចាំនូវមុខសញ្ញាគ្រោះថ្នាក់ហានិភ័យ ដែលអាចគំរាមកំហែងដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដូចជា ៖ ទឹកជំនន់ លង់ទឹក ខ្យល់កន្ត្រាក់ អគ្គីភ័យ រន្ទះបាញ់ ជាដើម -ធ្វើរបាយការណ៍រដ្ឋបាល និងរបាយការណ៍តាមប្រព័ន្ធ PRISM ជូនលេខាធិការដ្ឋាន នៃគណៈ កម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត ជាប់ជាប្រចាំ ។
បន្ថែមពីនោះ លោកក៏បាន ជម្រុញណែនាំដល់អាជ្ញាធរ រួមនិងសហគមន៍ ត្រូវចុះពិនិត្យនិងហាមឃាត់ចំពោះសកម្មភាពចូលកាប់ទន្រ្ទានយកដីនិងព្រៃក្នុងតំបន់សហគមន៍ -ត្រូវថែរក្សាការពារ កាប់ឆ្ការព្រៃនិងបោសសម្អាតនៅជុំវិញទីតាំងទួលសុវត្ថិភាព ដើម្បីបង្ករលក្ខណៈងាយស្រួយ និងអនាម័យបរិស្ថាន ជាប្រយោជន៍រួម ៕តាប៉ៃ លិន