ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ ករណីលួចកាប់ជនជាតិចិននិងកាំបិតខ្វែវបណ្ដាលអោយរបួសធ្ងន់ នៅស្រុកសូទ្រនិគម

សៀមរាប៖ដោយមានការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប កាលពីវេលាម៉ោង០៣.២៣នាទីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣  បានដឹកនាំជំនាញដោយលោកឧត្តមសេនីយ៍ត្រី តូច សុគន្ធ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍, កម្លាំងចំណុះអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ឃីម ផល្លា សហការជាមួយកម្លាំងប្រជាការពារប៉ុស្ដិ៍ពពេល និងប៉ុស្ដិ៍តាយ៉ែក ព្រមទាំងកម្លាំងការិយាល័យអន្តរាគមន៍តម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះពិនិត្យស្រាវជ្រាវរៀបចំផែនការរហូតទទួលជោគជ័យបំបែកករណី “លួច នឹងកាប់កាំបិតខ្វែវទៅលើជនជាតិចិនបណ្ដាលអោយរបួសធ្ងន់នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ស្ថិតក្នុងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ 

លោកលោកវរសេនីយ៍ឯក ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគមបានប្រាប់ឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ HUANG RAO ភេទប្រុស  អាយុ២៧ឆ្នាំ ជនជាតិចិន បច្ចុប្បន្នស្នាក់នៅធ្វើការក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ។


ដោយឡែកជនសង្ស័យឈ្មោះ វ៉ាន់ វេន (វិន) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិថ្នល់ចែក ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ (ត្រូវបានឃាត់ខ្លួន)

លោកលោកវរសេនីយ៍ឯក ឃីម ផល្លា បានបន្តបន្ថែមថា៖អង្គហេតុ:នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៣:៤៥នាទី រសៀល ជនរងគ្រោះបានដើរល្បាតទៅមើលសម្ភារផ្សេងៗដែលទុកនៅខាងក្រោយកន្លែងធ្វើការ ស្រាប់តែឃើញបុរសមិនស្គាល់អត្តសញ្ញាណ ០១នាក់ កំពុងលួចស្រាវខ្សែភ្លើង ពេលនោះជនរងគ្រោះក៏បានស្រែកសួរជាភាសាចិនថា អ្នកណាធ្វើអ្វី? ភ្លាមនោះ ជនសង្ស័យបានស្ទុះមកកាប់លើជនរងគ្រោះ  ជនរងគ្រោះក៏បានយកដៃឆ្វេងរង បណ្ដាលឲ្យត្រូវរបួសធ្ងន់រយះកដៃឆ្វេង ០១ កន្លែង និងរយះក្រោមស្មាស្ដាំ ០១ កន្លែងទៀត ។ ពេលជនសង្ស័យធ្វើសកម្មភាពរួចក៏យកខ្សែភ្លើងរត់គេចខ្លួនបាត់ទៅ ។ ចំណែកឯជនរងគ្រោះ ត្រូវបានមិត្តភក្ដិដែលធ្វើការជាមួយគ្នាដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យនៅក្រុងសៀមរាប ។

បច្ចុប្បន្នករណីខាងលើនេះ ក្រោមការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចយើងបានរៀបចំកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យទៅការិយាល័យជំនាញខេត្តសៀមរាបដើម្បីបន្តនីតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *