ដែនអភិរក្សការពារត្រីមេពូជតំបន់ព្រែកខ្សាច់ ត្រីមានកំណើនកើនឡើងច្រើនជាងឆ្នាំមុនៗ ផ្ដល់ក្ដីសង្ឃឹមដល់អ្នកនេសាទក្នុងបឹងទន្លេសាប

​កំពង់ធំ ៖   នៅក្នុងឆ្នាំ២០២៣នេះ ដែនអភិរក្សការពារត្រីមេពូជ ក្នុងតំបន់ព្រែកខ្សាច់ ត្រីមានសន្ទុះកើនឡើងជាងឆ្នាំមុនៗ។

ជាក់ស្ដែងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញនេះ ក្រុមការងារអង្គភាព គេហទំព័រ ក្រាំងមាសបានចុះទៅដោយផ្ទាល់ដើម្បីថតផ្ដិតយករូបភាពហ្វូងត្រីនៅក្នុង ព្រែកតាខ្សាច់និង ព្រែកធ្លក ដែលជាព្រែកសម្បូ ត្រីជាងគេក្នុងក្នុងចំណោមព្រែកចំនួន៤ក្នុងតំបន់អភិរក្សព្រែកខ្សាច់។ 

ពេលយើងបើកកាណូតចូលទៅក្នុងព្រែកមានល្បឿនលឿនបន្តិច ត្រីក៏ចាប់ផ្ដើម (ក)ចេញជាហ្វូង ផ្អើលលោតពាសពេញព្រែក ហ្វូងត្រីច្រើនបែបនេះ នៅក្នុងបឹងទន្លេសាបខានឃើញយូរមកឆ្នាំហើយ ដែរ មិននឹកស្មាន បានឃើញដោយផ្ទាល់នៅទីកន្លែងនេះ។

លោកចាយ គង់ម៉េង នាយរងខណ្ឌជលផលខេត្តកំពង់ធំបានប្រាប់ ក្រាំងមាសថា ត្រីមានច្រើន ជារាងរាល់ឆ្នាំនៅក្នុងដែនអភិរក្សការពារត្រីមេពូជតំបន់ព្រែកខ្សាច់ មានព្រែកចំនួន៤ ព្រែកខ្សាច់ ព្រែកធ្លក ព្រែកបានិងព្រែកដងខួច  ព្រែកទាំងនេះមានទឹកជ្រៅជាងគេ ស្ថិតនៅក្នុងទឹកដីឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោកចាយ គង់ម៉េងបញ្ជាក់បន្ថែមទៀតថា នៅក្នុងរដូវប្រាំងឆ្នាំ២០២៣នេះត្រីមានសន្ទុះកំណើនកើនឡើងច្រើនលើសឆ្នាំមុនៗ  ដោយសារកម្លាំងចម្រុះដែលមានកម្លាំងខណ្ឌ ផ្នែក សង្កាត់រដ្ឋបាលជលផល កម្លាំងទីបញ្ជាការស្រាល កម្លាំងតំបន់សឹក កម្លាំងកងទព័ជើងទឹក កម្លាំងកងរាជអាវុធហត្ថB04 កម្លាំងបរិស្ថានកម្លាំងប៉ូលីស  កម្លាំងសហគមន៍នេសាទ និងអាជ្ញាធរឃុំផាត់សណ្ដាយសហការ គ្នាការពារបានល្អ ។

មន្ត្រីយោធាតំបន់សឹកនៃទីបញ្ជាការស្រាល កំពង់ឈជើងការពារនៅស្នាក់ការ ចំណុចចុងព្រែកខ្សាច់និងព្រែកធ្លកបាននិយាយថា…..លោកនិងសមត្ថកិច្ចផ្សេងៗតែងតែសហការគ្នាចុះល្បាតទាំងយប់ទាំងថ្ងៃជាប្រចាំ  គោរពតាមបទបញ្ជារមិន ដែលខនខាន។

លោកបានបញ្ជាក់ថា នៅក្នុងព្រែកខ្សាច់និងព្រែកធ្លក ចាប់ពីមួយថ្ងៃទៅមួយថ្ងៃ ត្រីចេះតែកើនឡើង គ្មានការថមថយឡើយ មូលហេតុ ដោយសារទឹកទន្លេសាបរីងរាក់ទៅៗអាកាសធាតុប្រែប្រួលឡើងកំដៅ ធ្វើឲ្យត្រីបំលាស់ទីមកពីទន្លេចូលមកកុំក្នុងទឹកជ្រៅ ក្នុងនោះលោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ឲ្យចូលរួមថែរក្សាធុនធានមច្ឆាជាតិផងដែរ….. ។

លោកឧត្តមសេនីយ៍ត្រី វ៉ាចាន់ កុសល ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំនិងជាប្រធានដឹកនាំកម្លាំងចម្រុះ នៃទីបញ្ជាការស្រាលបានឲ្យដឹងថា បន្ទាប់ពីលោកទទួលបាន បទបញ្ជារបស់សម្តេចតេជោហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យលោកទទួលភារកិច្ចជាប្រធាននិងលោកសោម សុភាវុធ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ជាអនុប្រធាន ព្រមទាំងលោកស៊ិន សុភី នាយសង្កាត់រដ្ឋបាលជលផលផាត់ សណ្ដាយជាសមាជិក ដើម្បីការពារទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទក្នុងបឹងទន្លេសាបខេត្តកំពង់ធំ លោកបានបែងចែកកម្លាំង៤ក្រុមដើម្បីចែកវេន្ត ចុះល្បាតទៅតាមគោលដៅនិមួយៗមិនឲ្យមានបទល្មើសនេសាទទ្រង់ទ្រាយធំកើតឡើងជាដាច់ខាត នៅក្នុងរដូវប្រាំងនេះ លោកផ្ដោតសំខាន់ ឲ្យកម្លាំង ការពារត្រីមេពូជក្នុងតំបន់អភិរក្សព្រែកខ្សាច់ ឲ្យបានតឹងរឹងនិងមានប្រសិទ្ធភាពខ្ពស់ ទើបចេញជាលទ្ធិផលកំណើនត្រីកើនឡើងច្រើនគួរឲ្យកត់សំគាល់ដូចសព្វថ្ងៃនេះ។

លោកឧត្តមសេនីយ៍ត្រី វ៉ាចាន់ កុសលបានប្រាប់បន្ថែមថា ភារកិច្ចសំខាន់របស់លោក គឺការរួមដៃសហការគ្នាឲ្យបានល្អ មកពីគ្រប់មជ្ឈដ្ឋានមិនថា ប្រជាពលរដ្ឋឬសមត្ថកិច្ចស្ថាប័នណាមួយឡើយ ជាគោលគឺដើម្បីទប់ស្កាត់បទល្មើសជលផល ការគ្រប់គ្រងកន្លែងអភិរក្សជលផល ស្តារប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់ឱ្យមានវត្តមានក្នុងដែនទឹកធម្មជាតិឡើង វិញ ព្រមទាំងពង្រីកការផ្សព្វផ្សាយឲ្យអ្នកនេសាទយល់ដឹងដោយការប្រើប្រាស់ឧបករណ៍បែបសិប្បកម្ម បង្កឱ្យមានផលប៉ះពាល់ជាយថាហេតុដល់ធនធានមច្ឆជាតិ ឬវារិជាតិគ្រប់ប្រភេទ។  លោកមានចក្ខុវិស័យជាគ្រឹះ ចង់ប្រែក្លាយឱ្យបឹងទន្លេសាបសម្បូរត្រីឡើងវិញ លោកសូមអំពាវនាវយ៉ាងទទូច ដល់បងប្អូនអ្នកនេសាទ ត្រូវមានការយល់ដឹងអំពីសារៈ សំខាន់នៃធនធានជលផល  ព្រមទាំង ចូលរួមក្នុងការថែរក្សា និងអភិរក្សពូជត្រីក្នុងស្រុក  ប្រភេទត្រីកំពុងរងគ្រោះជិតផុតពូជ ក៏ដូចជា ការអភិរក្សជីវៈចម្រុះផ្សេងៗទៀតឱ្យបានគង់វង្សដើម្បីធានានិរន្តរភាពធនធានជល ផល ពិសេស មច្ឆាជាតិដែលជាអាហាររូបត្ថម្ភ ជាប្រពៃណីរបស់ខ្មែរយើងសម្រាប់ផ្គត់ផ្គង់ជីវភាព ធានាសន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។  (ដោយងិន វាសនា)

Leave a Reply

Your email address will not be published. Required fields are marked *