កំពង់ស្ពឺ÷ ព្រឹកថ្ងៃ ពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា និងសហការី បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៦៦គ្រួសារ ស្ថិតនៅឃុំជំពូព្រឹក្ស និងឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលមានជីវភាពក្រីក្រ ងាយរងគ្រោះ គ្រប់ប្រភេទ ដោយមិនរើសអើងឬប្រកាន់វណ្ណៈ ជាតិសាសន៌ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ឯកឧត្តម វ៉ី សំណាង ក៏បានផ្ដាំផ្ញើដល់បងប្អូនទាំង ៦៦ គ្រួសារ ដោយសង្កត់ធ្ងន់ឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនឲ្យកាន់តែប្រសើរឡើង។ ហើយបើមានសមាជិកគ្រួសារណាមាន អាការៈមិនស្រួលខ្លួន ត្រូវប្រញាប់បញ្ជូនទៅពិនិត្យ និងពិគ្រោះជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកណា ដែលនៅជិតផ្ទះបងប្អូន ដើម្បីទទួលបាននូវវេជ្ជបញ្ជា។ ហើយរស់នៅត្រូវមានអនាម័យ ដោយហូបស្អាត ផឹកទឹកដាំពុះ ត្រូវសម្រាកក្នុងមុងអោយបានគ្រប់ៗគ្នា។ ហើយដើម្បីចូលរួមកាត់បន្ថយបាននូវការរីករាលដាលជំងឺរលាកផ្លូវដង្ហើមថ្មីកូវីដ-១៩ ដែលពិភពលោកកំពុងមានការព្រួយបារម្ភ។ ដូច្នេះសូមឱ្យបងប្អូន ត្រូវសម្អាតខ្លួនប្រាណជាប្រចាំ នៅក្នុងនោះក៏ត្រូវលាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ត្រូវពាក់ម៉ាស ឬក្រមាជាប់ជានិច្ច និងប្រុងប្រយ័ត្ន ឲ្យបានគ្រប់ពេលវេលា។ បងប្អូនភ្លេចវា តែវា(Covid-19) មិនភ្លេចបងប្អូនឡើយ។ ដូច្នេះសូមឱ្យបងប្អូនត្រូវប្រុងប្រយ័ត្ន ត្រូវការពារខ្លួនតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលគ្រប់ពេលវេលា។
ឱកាសនោះ អំណោយដែលសាខាបានផ្តល់ជូនក្នុង ១គ្រួសារៗរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ ទឹកដោះគោ ១កំប៉ុង នំធុង ១ធុង ក្រម៉ា១ និងថវិកាចំនួន ២០.០០០រៀល ។
ក្នុងនោះផងដែរអនុសាខាកាកបាទក្រហមស្រុកឧដុង្គ ក៌បានចូលរួមឧបត្ថម្ភក្នុង ១គ្រួសារទទួលបាន សាប៊ូដុសខ្លួន ២ដុំ ទឹកក្រូច ១កំប៉ុង ទឹកសុទ្ធ ១ដប និងថវិកា ១០.០០០រៀលផងដែរ ៕