កំពង់ឆ្នាំង ÷ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃច័ន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីកាត់វិញ្ញាសារប្រឡងមធ្យមសិក្សា ទុតិយភូមិ ( បាក់ឌុប ) សម័យប្រឡង ៥ ធ្នូ ឆ្នាំ២០២២នៅមណ្ឌលប្រឡងវិទ្យាល័យព្រះបាទសុរាម្រិត ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្តក្រុមប្រឹក្សាខេត្ត អភិបាលក្រុង ស្រុកនិងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងគណៈមេប្រយោគផងដែរ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏ណែនាំដល់បេក្ខជនទាំងអស់ កុំមានការភិតភ័យហើយត្រូវតាំងចិត្តបញ្ជេញសមត្ថភាពចំណេះដឹងពិតប្រាកដ ដែលខ្លួនបានសិក្សារៀនសូត្រនាពេលកន្លងមក អ្នកចេះ គឺជាប់ ដើម្បីទទួលបានជោគជ័យ បេក្ខជនទាំងអស់ចាំបាច់គោរពអនុវត្តន៍បទបញ្ជារបស់ក្រសួងជៀសវាងប្រព្រឹត្តខុសឆ្គង។
ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំ គណៈមេប្រយោគ នៅតាមមណ្ឌល និមួយៗ ត្រូវធ្វើការត្រួតពិនិត្យបេក្ខជនប្រឡងទាំងអស់ មិនត្រូវឱ្យមានការនាំយកនូវរាល់សំណេរឯកសារ (ព្រីយ៉ុង) យកមណ្ឌលប្រឡងឡើយ ។
តាមការបញ្ជាក់អោយដឹងពី លោក សុឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឱ្យដឹងថា នៅខេត្តកំពង់ឆ្នាំងមានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងខេត្ត មានសរុបចំនួន ៨មណ្ឌលចែកចេញជា១៧៣បន្ទប់ មណ្ឌលប្រឡងមាននៅក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ដែលមានបេក្ខជនសរុប៤៣០៤នាក់ ស្រី២៣៧៦នាក់ ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រ២មណ្ឌល ស្មើ៤០បន្ទប់ មានបេក្ខជនប្រឡង ១០៥៩នាក់ ស្រី៦៩៥នាក់ ថ្នាក់វិទ្យាសាស្ត្រសង្គមមាន៦មណ្ឌលស្មើ១៣៣បន្ទប់ មានបេក្ខជនសរុប ៣២៤៥នាក់ ស្រី១៦៨១នាក់៕ដោយងិន វាសនា