មណ្ឌលគីរី៖ ថ្មីៗនេះប្រភពពីក្រុមឈ្មួញនិងអាជីវករតូចតាចដែលនាំចូលទំនិញពីស្រុកយួនតាមច្រកទ្វេរភាគីដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឲ្យដឹងថា មន្ត្រីគយក្រោមការគករប់គ្រងរបស់ លោក ហ៊ុយ សុជាតិ ប្រចាំច្រកនេះប្រើតួនាទីនិងអំណាចគាបយកលុយលើតុក្រោមតុពីពួកគាត់កាន់តែច្រើនឡើងៗ។ ផ្ទុយទៅវិញមន្ត្រីគយប្រចាំច្រកទ្វេភាគីដាក់ដាំ បែរជាឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់តាមអំពើចិត្តដើម្បីជាថ្នូរនឹងផល ប្រយោជន៍ តាមការកំណត់របស់គេ។
មជ្ឈដ្ឋានទូទៅបានលើកឡើងថា បញ្ហានេះគឺជារឿងដែលលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរមើលរំលងតទៅទៀតទេ ខណៈប្រភពអះអាងថាលោក ហ៊ុយ សុជាតិ មេគយ ខេត្តមណ្ឌល គិរី កំពុងប្រើអំណាចធ្វើអ្វីៗតាមអំពើចិត្តដោយគាបសង្កត់អាតូចៗ ប្រមូលអាធំៗ ឈ្មួញដឹក នាំទំនិញធំៗចូលតាមច្រកទ្វេភាគីដាក់ដាំ ឬច្រកទ្វេភាគីណាំលៀ និងច្រកឡាប៉ាខេ គឺបង់ពន្ធត្រឹម៣៥ទៅ៤០ភាគរយប៉ុណ្ណោះ ។ ការរៀបដំឲ្យក្រុមឈ្មួញធំៗបង់ពន្ធចូលរដ្ឋចំនួនតិចតួចប្រមាណ៣៥ទៅ៤០ភាគរយនោះត្រូវបានប្រភពទម្លាយថាមានការត្រូវគ្នាជាមួយឈ្មួញធំៗទាំងនោះប្រមូលលុយក្រោមតុយ៉ាងសន្ធឹកសន្ធាប់។
ប្រភពពីមន្ត្រីគយក្នុងខេត្តមណ្ឌលគិរី មួយ ចំនួនបានឲ្យដឹងថា មួយរយៈចុងក្រោយនេះឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ តាមច្រកទ្វេភាគីណាំលៀ ច្រកទ្វេរ ភាគីដាក់ដាំ និងច្រកទ្វេភាគីឡាប៉ាខេ គឺជាប្រភពចំណូលដ៏ធំនិងសំខាន់របស់លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី។
ប្រភពដែលស្និទ្ធនឹងលោក ហ៊ុយ សុជាតិ បានឲ្យដឹងថា ដោយសារចំណាយដើមទុនយ៉ាង ច្រើនក្នុងការទទួលបានតំណែងជាមេគយខេត្ត មណ្ឌលគិរី ទើបលោក ហ៊ុយ សុជាតិ ខំប្រឹងស្រង់ដើមយ៉ាងតក់ក្រហល់។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ទំនិញដែលឈ្មួញនាំចូលតាមច្រកទ្វេភាគីដាក់ដាំ មានដូចជាគ្រឿងសំណង់ គ្រឿងទេស ទំនិញចាប់ហួយ គ្រឿងឧបរភោគបរិភោគ ភេសជ្ជៈ គ្រឿងកំប៉ុង និងបន្លែផ្លែឈើជាដើម។ ប្រភពបានឲ្យដឹងទៀតថា ទំនិញដែលឈ្មួញនាំចូលពីប្រទេសវៀតណាមដឹកជញ្ជូនតាមរថយន្តធំៗ គឺតម្រង់ចូលទៅក្នុងឃ្លាំងស្តុកទំនិញនៅទីរួមខេត្តមណ្ឌលគិរី ហើយមិនឃើញមន្ត្រីគយនៅច្រកទ្វេភាគីដាក់ដាំ ត្រួតពិនិត្យឲ្យបានត្រឹមត្រូវនោះទេ។ ទន្ទឹមនឹងនេះប្រភពបានបង្ហើបឲ្យ ដឹងទៀតថានៅក្នុងខេត្តមណ្ឌលគិរី លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី កំពុងឃុបឃិតឲ្យឈ្មួញប្រើប្រាស់រថយន្តពាក់ស្លាកលេខវៀតណាមនិងបើកបរដោយជនជាតិវៀតណាមដឹកទំនិញឆ្លងដែនចូលទឹកដីខ្មែរតាមច្រកទ្វេភាគីដាក់ដាំ យ៉ាងរលូន។
មន្ត្រីពាក់ព័ន្ធនៅច្រកទ្វេភាគីដាក់ដាំ បានឲ្យដឹងថា ថ្មីៗនេះរថយន្តធុនធំមួយគ្រឿងពាក់ស្លាកលេខវៀតណាមដឹកទំនិញពេញប្រៀបដែលគេសង្ស័យថាជាគ្រឿងសំណង់ បានឆ្លងដែនពីទឹកដីវៀតណាមចូលទឹកដីខ្មែរដោយមិនឲ្យសមត្ថកិច្ចពាក់ព័ន្ធនៅច្រកនេះត្រួតពិនិត្យមើលប្រភេទទំនិញនោះឡើយ។
ប្រភពដដែលបានឲ្យដឹងទៀតជាញឹកញាប់គេឃើញរថយន្តធុនធំផ្ទុកទំនិញពេញបើកបរចូលទៅក្នុងឃ្លាំងមួយកន្លែងមានយីហោដេប៉ូឆៃលី នៅក្នុងភូមិចំការតែ សង្កាត់ស្ពានមាន ជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ប្រភពបានឲ្យដឹងថា ដេប៉ូឆៃលី គឺជាឃ្លាំងស្តុកទំនិញប្រភេទគ្រឿងសំណង់នាំចូលពីប្រទេសវៀតណាមតាមច្រកទ្វេភាគីដាក់ដាំ ហើយភាគច្រើននៃទំនិញនាំចូលរបស់ដេប៉ូនេះត្រូវបានគេដឹងថាគេចពន្ធឬបង់ពន្ធមិនគ្រប់ឡើយ។
មជ្ឈដ្ឋានទូទៅបានលើកឡើងថា ករណីនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គ នាយកនៃអគ្គនាយកដ្ឋានគយ ហាក់រក្សាភាពស្ងៀមស្ងាត់ មិនទាន់ចាត់វិធានការទប់ស្កាត់អំពើពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ហ៊ុយ សុជាតិ នៅឡើយទេ។
ករណីខាងលើនេះ អង្គភាពសារព័ត៌មាន រស្មីនគររាេជ យើងមិនទាន់អាចសុំការបកស្រាយណាមួយពី លោកហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគីរី បាននៅឡើយទេ ដោយគ្មានលេខទូរស័ព្ទទំនាក់ទំនង។