កំពង់ឆ្នាំង៖ នៅថ្ងៃទី២៨ ខែវិច្ឆិការឆ្នាំ២០២២នេះឯកឧត្តមអ៊ុក សារុនសមាជិកក្រុមប្រឹក្សាខេត្ត លោកចេង ចាន់ដូណាអភិបាលនៃគណះអភិបាលស្រុកបរិបូរណ៍ លោកឃួន សៅរុំប្រធានក្រុមប្រឹក្សាស្រុក លោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូ លោក លោកស្រីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបរិបូរណ៍និងសហការី បានចុះសំណេះសំណាល សួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសារក្រីក្រចំនួន១៥គ្រួសារ រងគ្រោះដោយសារទឹកទន្លេឡើងលិចផ្ទះនៅចំណុច(អ្នកតាទាំង) ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងក្នុងមួយគ្រួសារទទួលបាន អង្ក៣០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៉ីអ៊ីវ១យួរ ត្រីខកំប៉ុង១យួរ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកាចំនួន៤ម៉ឺនរៀល។
នាឱកាសនោះ ឯកឧត្តមអ៊ុក សារុនសមាជិកក្រុមប្រឹក្សាខេត្តនិងលោកចេង ចាន់ដូណាអភិបាលនៃគណះអភិបាលស្រុកបរិបូរណ៍ បានពាំនាំមតិផ្តាំផ្ញើសាកសួសុខទុក្ខពីសម្តេចកិត្តិព្រឹតបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំងដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់រូប ដោយផ្តល់អាទិភាព ចំពោះប្រជាពលរដ្ឋរងគ្រោះ ធ្ងន់ធ្ងរ១៥គ្រួសារជាមុនសិន សាខាកាកបាទក្រហមកម្ពុជាខេត្ត នឹងយកអំណោយមនុស្សធម៌ មកចែកជូនជាបន្តបន្ទាន់ទៀត ដោយមិនរើសអើង មិនប្រកាន់វណ្ណះ និន្នាការ នយោបាយ បក្ខពួក ជាតិសាសន៍ ពណ៍សម្បុរអ្វីឡើយ ឱ្យតែប្រជាពលរដ្ឋរងគ្រោះ សុទ្ធតែទទួលបាន នូវការឧបត្ថម្ភ ពីកាកបាទក្រហមកម្ពុជា និងពីសាខាអនុសាខាស្មើៗគ្នា ។
ឯកឧត្តមអ៊ុក សារុនបានមានប្រសាសន៍បន្ថែមទៀតថា នៅទីណាមានប្រជាពលរដ្ឋជួបការលំបាក នៅទីនោះមាន កាកបាទក្រហមកម្ពុជា គ្រប់ទីកន្លែង សម្រាប់ជួយនូវ ទុក្ខលំបាករបស់បងប្អូនគ្រប់ៗគ្នាមិនទុកនណាម្នាក់ស្លាប់ដោយសារអត់បាយឡើយ។
ឯកឧត្តមអ៊ុក សារុន ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ទៅរស់នៅទីទួល សុវត្តិភាព ជាបណ្ដោះអាសន្ន ពិសេសត្រូវមានការប្រុងប្រយត្នចំពោះក្មេងៗ ជៀសវាងមានហានិភ័យ នៃគ្រោះមហន្តរាយផ្សេងៗ ដែលតែងតែកើតមានគ្រប់ពេលវេលា និងចូលរួមថែរក្សាអនាម័យ បរិស្ថាន ត្រូវយកចិត្តទុកដាក់ អំពីបញ្ហាសុខភាព ធ្វើយ៉ាងណា ចេះរស់នៅស្អាត ហូបស្អាត ផឹកស្អាត មានអនាម័យល្អត្រឹមត្រូវ រស់នៅក្រោមម្លប់សន្តិភាព។
ប្រជាពលរដ្ឋទាំង១៥គ្រួសារមានទឹកចិត្តសប្បាយរីករាយ ប្រកបដោយភាពកក់ក្ដៅ ដោយពួកគាត់បានលើកដៃប្រណមជូនពរដល់សម្តេចកិត្តិព្រឹតបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំងនិងក្រុមការងារ មានសុខភាពល្អ ប្រកបកិច្ចការអ្វីៗសម្រេចបានជោគជ័យដូចសេចក្តីប្រាថ្នា និងជួបពុទ្ធិពរ៤ប្រការគឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លាងឃ្លាតឡើយ៕