ខេត្តកំពង់ឆ្នាំង៖ សំណង់ផ្ទះថ្មចំនួន ២ខ្នង មានប្រជាពលរដ្ឋរស់នៅចំនួន ៣គ្រួសារ និងមានទីតាំងភូមិសាលាលេខ៥ (ជាប់ផ្សារសាលាលេខ៥) ក្នុងឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ត្រូវបាន ក្រុមសមត្ថកិច្ចចម្រុះ ដឹកនាំដោយអភិបាលរង ស្រុកកំពង់ត្រឡាច ចុះជួយធ្វើការរុះរើហើយ នៅព្រឹកថ្ងៃទី ២១ ខែកញ្ញាឆ្នាំ២០២២នេះ បន្ទាប់ពីទទួលសំណងពីការកសាងផ្លូវ
ជាតិលេខ៥ រួចហើយ តែយឺតយ៉ាវក្នុងការរុះរើធ្វើឱ្យមានការរាំងស្ទះ។
ក្នុងឱកាសនោះ លោក សន សំអាត អភិបាលរងស្រុក ដែលបានដឹកនាំកម្លាំងចម្រុះរបស់គណបញ្ជាការឯកភាពស្រុកកំពង់ត្រឡាច ចុះវាយកំទេចសំណង់រឹងខាងលើនេះ បានឱ្យដឹងថា៖ សំណង់នេះជាកម្មសិទ្ឋរបស់ឈ្មោះ លោក ធី ទីតូ ។
ក្រោយមានការសម្របសម្រួល ជាមួយក្រុមហ៊ុន ធ្វើផ្លូវជាតិលេខ៥ ម្ចាស់ផ្ទះបានព្រមទទួលសំណង ពីក្រុមហ៊ុនរួចហើយប៉ុន្តែការរុះរើដោយខ្លួនឯងរបស់ម្ចាស់ផ្ទះមានការយឺតយ៉ាវ និងហួសឱសាន្តវាទ តឹ្រមថ្ងៃ១៥ ខែកញ្ញានេះ ទើបខាងក្រុមហ៊ុនស្នើសុំឱ្យអាជ្ញាធរស្រុក ចាត់វិធាន
ការរដ្ឋបាល។ ក្នុងនោះកម្លាំងចម្រុះបានចាត់វិធានការវាយកម្ទេចសំណង់ផ្ទះថ្ម២ខ្នង ដែលមានចំនួន៣ គ្រួសារខាងលើនេះរួចទាំងស្រុងហើយ។
លោកបញ្ជាក់ថា៖ មិនមែនម្ចាស់ផ្ទះរឹងទទឹងមិនព្រមរុះរើទេ តែម្ចាស់ផ្ទះខ្វះកម្លាំង ទើបការរុះរើដោយខ្លួនឯងមាន
ការយឺតយ៉ាវបែបនេះ ។
សូមរំឮកថា៖ កន្លងទៅផ្លូវជាតិលេខ៥ នៅចំណុចជិតផ្សាកំពង់ត្រឡាចខាងលើនេះមានការកកស្ទះជារៀងរាល់ថ្ងៃផងដែរ៕