ខេត្តកំពង់ឆ្នាំង ឯកឧត្តម បណ្ឌិត សុភាចារ្យ អ៊ុក រ៉ាប៊ុន មានប្រសាសថា ថ្ងៃនេះយើងដាំដើមត្នោត ដើមឬស្សី និងកូនឈើលើតំបន់៣ ជាដីព្រៃលិចទឹក គឺដើម្បីស្ដារឡើងវិញនូវព្រៃឈើលិចទឹក ដែលបានបាត់បង់ ដោយការកាប់ទន្ទ្រានយកពីជនខិលខូច ។ ថ្លែងបែបនេះនៅក្នុងឱកាស អញ្ជើញជាអធិបតីភាព ក្នុងពិធីដាំដើមត្នោត គ្រាប់ត្នោត និងកូនឬស្សីនៅតំបន់៣ ជាដីព្រៃលិចទឹក នៅចំណុចគោកព្រះ ស្ថិតនៅក្នុង ឃុំច្រណូក ស្រុកកំពង់លែង នាព្រឹកថ្ងៃទី ១៤ខែធ្នូ ឆ្នាំ ២០២១ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង អភិបាលរងខេត្ត ក្រសួងពាក់ព័ន្ធ មន្ត្រីជំនាញ កងកម្លាំងប្រដាប់អាវុធអាវុធ សិស្សានុសិស្សសរុបចំនួន ៥៥០នាក់ ។
ឯកឧត្តមបានបន្តថា ក្រោយបទបញ្ជារបស់សម្ដេចតេជោហ៊ុនសែន ក្នុងការដកដីព្រៃលិចទឹកពីជនខិលខូច ដែលបានលួចឈូសឆាយ ទន្ទ្រានយកជាកម្មសិទ្ធិរួចមក ក្រុមការងារអន្តរក្រសួង និងអាជ្ញាធរខេត្ត បានសហការគ្នាចុះបង្ក្រាបជាលទ្ធផលបានល្អប្រសើរ ។ ចំពោះអ្នករឹងរូសមិនព្រមចេញមុខមកសារភាពប្រគល់ដីជូនពលរដ្ឋវិញ នឹងចាត់វិធានការតាមផ្លូវច្បាប់ ។
ឯកឧត្តម ក៏បានកោតសរសើរដល់កិច្ចសហការរវាងអន្តរក្រសួង មន្ទីរជំនាញពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោហ៊ុនសែន ក្នុងរយៈកាលកន្លងមក ។
នៅក្នុងឱកាសនោះដែរលោក ចេង ចាន់ដូណា អភិបាលស្ដីទី ស្រុកកំពង់លែងបានរាយការណ៍ថា ចាប់តាំងពីបទបញ្ជាសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនស្តីអំពីការដកមកវិញនូវដីព្រៃលិចទឹក ស្រុកកំពង់លែងបានរកឃើញមនុស្ស១៣ នាក់ដែលបានសារភាព និងប្រគល់ដីជូនរដ្ឋវិញមានចំនួន ២០៥៨ហិក តា ។ ដោយក្នុងនោះយើងក៏បានរុះរើសរោងចាំស្រែចំនួន ៥៥ខ្នង បង្គោលចំនួន២៥៣ដើមផ្លាកប៉ាណូកំណត់ព្រំដី២ផ្លាក។ ដោយឡែក ក្រោយការអំពាវនាវរបស់ អាជ្ញាធរស្រុកកំពង់លែង ក៍មានប្រជា ពលរដ្ឋ ចំនួន ១ ១៥០ នាក់ ធ្វើលិខិសារភាព ស្ម័គ្រចិត្តប្រគល់ដីតំបន់៣ ជូនរដ្ឋវិញមានចំនួន ជាង៤៦០០ហិកតា។ ចំពោះការរៀបចំដាំដើមឈើនៅតំបន់៣ ដែលដកហូតមកវិញនៅថ្ងៃនេះមាន ដាំដើមត្នោតធំដុះស្រាប់ចំនួន ១០ដើមដាំគ្រាប់ត្នោតចំនួន ៣ពាន់ គ្រាប់ និងដើមឫស្សីចំនួន ១ពាន់ ដើម៕ដោយងិន វាសនា