«ឆោមសារិទ្ធ»
ត្បូងឃ្មុំ៖អាស្រមមរតកចក្រីដែលជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ក្នុងបរិវេណភូមិគ្រឹះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទៅពេលអានាគត អាស្រមមួយនេះមានសារះសំខាន់ណាស់ដល់សង្គមជាតិក្នុងការរួមចំណែកពុទ្ធចក្រនិងអាណាចក្រគឺការគោរពប្រណិបត្តិតាមបែបសាសនា ជានិមិត្តរូបនៃមរតកប្រវត្តិសាស្រ្តយូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយ។
ពិធីបុណ្យឆ្លងនេះនៅព្រឹកថ្ងៃទី២៤ ខែសីហាឆ្នាំ២០២០ ក្រោមអធិតិភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេង សំរិន ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់សម្តេចវិបុលសេ នាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចក្រឡាហោម ស ខេង ឧបនាយកនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហា ផ្ទៃ ឯកឧត្តមលោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ដោយបាននិមន្ត សម្តេចព្រះវនរ័ត ណយ ច្រឹកសម្តេចសង្ឃនាយករងទី២គណៈមហានិកាយនៃព្រះរាជាណាចក្រ កម្ពុជា និងមន្ត្រីសង្ឃតាមឋានានុក្រមសរុបចំនួន ៧អង្គ ធ្វើពិធីសូត្រមន្ត ប្រោះព្រំអាស្រមមរតកចក្រី ជាការបើកឱ្យប្រើប្រាស់ជាផ្លូវការចាប់ពីពេលនេះតទៅ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសំណេះសំណាលជាមួយមន្រ្តីរាជការដែលអញ្ជើញមកចូលរួមពីខេត្តចំនួន៣ ទី១.ខេត្តត្បូងឃ្មុំ ២.ស្វាយរៀង និងទី៣.ខេត្តព្រៃវែង ។
ក្នុងកិច្ចសំណេះសំណាលនេះសម្តេចប្រធានរដ្ឋសភាបានកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះរបាយការណ៍របស់អភិបាលខេត្តត្បូងឃ្មុំ ដែលបានរំលេចឱ្យឃើញពីវឌ្ឍនភាពរីក ចំរើនផ្នែកសេដ្ឋកិច្ចសង្គមរបស់ខេត្ត ដែលធ្វើឱ្យជីវភាពបងប្អូនប្រជាពលរដ្ឋមានភាពល្អប្រសើរ ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយគ្នានេះសម្តេចបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹង
ប្រែងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តវិធានការណ៍ទាំងឡាយ ក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានប្រសាសន៍ថា យើងទាំងអស់គ្នាដឹងហើយ ថា កូរ៉ូណាកូវីដ១៩ ជាជម្ងឺឆ្លងដ៏កាចសាហាវ ដែលបានចាប់ផ្តើមកើតមានជាដំបូងនៅចុង ឆ្នាំ២០១៩ នៅទ្វីបអាស៊ី និងបានរីករាលដាលជាសាកល ហើយបានកំពុងបន្តកើនឡើងជារៀង រាល់ថ្ងៃ មកទល់ពេលនេះមិនទាន់រកឃើញវ៉ាក់សាំងការពារនិងថ្នាំព្យាបានៅឡើយទេ។
ជម្ងឺកូវីដ១៩ ងាយឆ្លង និងបានសម្លាប់មនុស្សជារៀងរាល់ថ្ងៃ មិនថាចាស់ ក្មេង ឬយុវវ័យឡើយ ហើយបានធ្វើឱ្យមានបញ្ហាប្រឈមយ៉ាងខ្លាំងដល់សុវត្ថិភាពសុខភាពសាធារណៈ និងបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គម និងសេដ្ឋកិច្ចទាំងក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងពិភព លោក។ សម្តេចបន្តថា តាមរយៈរបាយការណ៍អង្គការសុខភាពពិភពលោក គិតត្រឹមពេលនេះ អ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងប្រមាណជាង ២៣លាននាក់ និងបាន សម្លាប់មនុស្សអស់ជាង ៨០ម៉ឺននាក់រួចទៅហើយ ខណៈដែលករណីជម្ងឺរាតត្បាតកូវីដ១៩នេះ នៅកម្ពុជាមានប្រមាណជាង ២០០នាក់ ជាសះស្បើយប្រមាណជាង ៨០% និងពុំទាន់មាន ករណីស្លាប់នៅឡើយ។
ឱកាសនេះ សម្តេចប្រធានរដ្ឋសភាបានលើកឡើងពីការអភិវឌ្ឍរបស់សម្តេចទៅលើ
តំបន់អន្លង់ជ្រៃ ដើម្បីប្រែក្លាយតំបន់តស៊ូដើម្បីបុព្វហេតុឯករាជ្យមួយនេះ ឱ្យមានការរីកចំរើន
ដល់សព្វថ្ងៃ ដោយការអភិវឌ្ឍបានចាប់ផ្តើមតាំងពីឆ្នាំ២០០៦ មកម៉្លេះ ហើយជាការជាក់ស្តែង អន្លង់ជ្រៃមានការប្រែមុខមាត់ថ្មីដ៏គួរមោទនៈបំផុត វាបានក្លាយជាកន្លែងប្រមូលផ្តុំនៃការរស់នៅ របស់ប្រជាជន ជាតំបន់ទេសចរណ៍ ជាកន្លែងជាប់ចិត្តដិតអារម្មណ៍របស់អ្នកដំណើរដែលបាន ឆ្លងកាត់អន្លង់ជ្រៃ ទឹកដីនៃការអភិវឌ្ឍក្នុងយុគសម័យនៃសុខសន្តិភាពដែលយើងរកបានមក ដោយលំបាកលំបិនបំផុត៕