ពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ច អភិបាលរងស្រុករវៀង

ដោយ៖ មាន រតនា
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៧ ខែសីហាឆ្នាំ២០២០នេះ រដ្ឋបាលស្រុករវៀងបានរៀបចំពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ច អភិបាលរងស្រុករវៀង ក្រោមអធិបតីភាពឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងលោកជំទាវ ខូយ ប៊ុនថាន សមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារ។

នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត គណៈ​អភិបាល​ស្រុក ក្រុម​ប្រឹក្សាស្រុក កងកម្លាំងទាំងបី មេឃុំ នាយប៉ុស្តិ៍​ និងមន្ត្រីរាជការចំណុះសាលាស្រុក នៅ​សាលប្រជុំសាលាស្រុករវៀង។

ឯកឧត្ដម អ៊ុង វុទ្ធី បានស្នើរដល់លោកអភិបាលរងស្រុករវៀង ដែលបានប្រកាសតែងតាំង និងផ្ទេរភារកិច្ចចូលកាន់តំណែងនៅថ្ងៃនេះ ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗរួមមាន៖ ពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធិភាព និងមានការទទួលខុសត្រូវខ្ពស់ កសាងសមត្ថភាព និងការអភិវឌ្ឍន៍ខ្លួនឱ្យបានពេញលេញ ដើម្បីជួយការងាររដ្ឋបាលស្រុក ឱ្យកាន់តែល្អប្រសើរថែមទៀត ពង្រឹងរបៀបរបបបំពេញការងារ និងគណនេយ្យភាពផ្ទៃក្នុងខ្ពស់ ពិសេសគឺទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្ត ក្រុង ស្រុក។

ឯកឧត្ដម បានបន្តថា សមត្ថកិច្ចជំនាញ ត្រូវធ្វើការសហការជាមួយអាជ្ញាធរឱ្យទាន់ពេលវេលា ដើម្បីធ្វើការទប់ស្កាត់ ការកាប់រាន ទន្រ្ទានយកព្រៃធ្វើជាកម្មសិទ្ធ និងត្រូវចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនឆ្លៀតឱកាសនេះ។ ហើយរដ្ឋបាលស្រុក-ឃុំ ត្រូវ​ក្ដាប់ឱ្យ​បាន​អំពី​គ្រប់​មុខសញ្ញា​តវ៉ា​ ជា​ពិសេស​រឿងដីធ្លី​​ ធ្វើយ៉ាងណា​ទប់ស្កាត់​កុំឱ្យមក​តវ៉ាដល់​សាលាខេត្ត​ ឬ​ទៅ​តវ៉ា​ដល់​រាជធានី​ភ្នំពេញ បើ​ទប់​មិនជាប់ទេ ត្រូវ​រាយការណ៍​មក​ថ្នាក់ខេត្ត​ឱ្យបានទាន់ពេលវេលា​។

ឯកឧត្ដម អភិបាលរងខេត្ត ក៏បានថ្លែងការអបអរសាទរដល់រដ្ឋបាលស្រុករវៀង ដែលមានសមិទ្ធិផលថ្មីមួយទៀតដែលកំពុងធ្វើការសាងសង់ គឺអាងទឹកដ៏ធំមួយនៅក្នុងឃុំរក្សា។ ហើយសម្រាប់អាងស្តុបទឹកនេះគឺផ្តល់អត្ថប្រយោជន៍ដ៏សំខាន់បំផុតសម្រាប់វិស័យកសិកម្ម និងទេសចរណ៍។ ដោយស្តុបទឹកទុកក្នុងរដូវវស្សា សម្រាប់ប្រើប្រាស់ និងបង្កបង្កើនផលដំណាំកសិកម្មរបស់ប្រជាពលរដ្ឋនៅរដូវប្រាំង និងធ្វើការទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកលេងកម្សាន្តនៅទីនោះផងដែរ។

ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្ត ក៏បានក្រើនរំលឹកដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បន្តផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ការសំអាតអនាម័យដៃ ការពាក់ម៉ាស និងវិធានការផ្សេងៗ ក្នុងការការពារជម្ងឺឆ្លងកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ជាពិសេសការងារគ្រប់គ្រងពលករចំណាក និងចំណូលស្រុកឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលនូវការដាក់ចេញនូវវិធានការការពារ បង្ការ ប្រយុទ្ធនឹងជម្ងឺឆ្លងកូវី-១៩នេះ។

សូមបញ្ជាក់៖ យោងសេចក្តីប្រកាសលេខៈ ២៧៨៥ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ លោក ឃីន រស្មី ត្រូវបានផ្ទេរតំណែងពីអភិបាលរងក្រុងព្រះវិហារ មកកាន់ដំណែងជាអភិបាលរងស្រុករវៀង ជំនួសលោក អ៊ុំ សុភឿន ដែលត្រូវផ្ទេរដំណែងពីអភិបាលរងស្រុករវៀង ទៅជាអភិបាលរងស្រុកឆែប៕

Leave a Reply

Your email address will not be published. Required fields are marked *