ដោយ៖ មាន រតនា
ព្រះវិហារ៖ នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អុិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានធ្វើការចុះបង្រ្កាបបទល្មើសគ្រឿងញៀនចំនួន ២០០គីឡូក្រាម រួមជាមួយជនសង្ស័យ០២នាក់។
ប្រតិបត្តិការនេះ ដោយអនុវត្តន៍តាមការដឹកនាំបញ្ជាផ្ទាល់របស់ នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកឧត្តមសេនីយ៍ទោ សួស សុខដារា ស្នងការនគរបាលខេត្តព្រះវិហារ បានចាត់តាំងដឹកនាំស្រាវជ្រាវ និងឈានដល់ការបង្ក្រាប កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ដោយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងជំនាញ (ក១) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និង នាយកដ្ឋានស៊ើបការណ៍ និងបច្ចេកទេស ដោយមានការសម្របសម្រួលដឹកនាំពីព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូង ខេត្តព្រះវិហារ រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ បានដំណើរការស្រាវជ្រាវ បង្ក្រាបករណីដឹកជញ្ជូន ជួញដូរ គ្រឿងញៀនឆ្លង ដែនតាមផ្លូវទឹក ។
ជាលទ្ធផលចាប់ខ្លួនបានជនសង្ស័យ ០២នាក់ ភេទប្រុស និងចាប់យកវត្ថុតាងរួមមាន៖ សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន (ICE) ២០១កញ្ចប់ធំ ទម្ងន់២០០គីឡូក្រាម និងម៉ូតូកង់៣(ឥណ្ឌា) ០១គ្រឿង។
នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕