កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុករវៀង

ដោយ៖ មាន រតនា
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋបាលស្រុករវៀង បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុករវៀង ក្រោមអធិបតីភាពលោក ហោ ប៊ុនហួរ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក ដោយមានការចូលរួមពី លោក លោកស្រីអភិបាលរងស្រុក នាយករដ្ឋបាលស្រុក មេបញ្ជាការកងកម្លាំងទាំងបីក្នុងស្រុក ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក មេឃុំ មេប៉ុស្តិ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះ លោក ហោ ប៊ុនហួរ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុករវៀង បានជម្រាបពីកិច្ចការចាំបាច់គឺក្តាប់សភាពការណ៍ទូទៅ និងដាក់ចេញវិធានការអនុវត្ត កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធានា និងរក្សាបាននូវសភាពការណ៍ស្ងប់ស្ងាត់ និងល្អប្រសើរ យុទ្ធនាការបង្រ្កាបនូវបញ្ហាគ្រឿងញៀន ល្បែងសុីសងគ្រប់ប្រភេទ បង្រ្កាប ទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងការកាប់រានទន្រ្ទានដីព្រៃយកធ្វើជាកម្មសិទ្ធក្នុងភូមិសាស្រ្តស្រុករវៀង។

លោក ហោ ប៊ុនហួរ បានដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោម៖
១. អនុវត្តឲ្យបានម៉ឺងម៉ាត់ និងម៉ត់ចត់ នូវវិធានបង្រ្កាប និងទប់ស្កាត់បទល្មើស​ធនធានធម្មជាតិក្នុងភូមិសាស្រ្តស្រុករវៀង។
២. អនុវត្តឲ្យបានម៉ឺងម៉ាត់ ចំពោះការកាប់រានទន្ទ្រានដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ។
៣. អនុវត្តឲ្យបានម៉ឺងម៉ាត់ និងម៉ត់ចត់ នូវវិធានការបង្រ្កាបបទល្មើសគ្រឿងញៀន និងល្បែងសុីសងគ្រប់ប្រភេទក្នុងភូមិសាស្រ្តស្រុករវៀង។

៤. មេឃុំ ត្រូវ​បញ្ឈប់​ការបញ្ជាក់ដី​ ដែល​គ្មាន​​ការ​ចូលរួម និង​គ្មាននិយាមការ​​ពីមន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម សំណង់​ និង​សុរិយោដីខេត្ត។
៥. រដ្ឋបាលឃុំ ត្រូវ​ពន្លឿន​ការដោះស្រាយ​វិវាទដីធ្លី យ៉ាងហោចណាស់០២សំណុំរឿង ក្នុងមួយសប្ដាហ៏ ក្នុង​ករណី​ដោះស្រាយ​តាមនីតិវិធី​មិនជោគជ័យ​ ត្រូវបញ្ជូន​មក​គណៈកម្មការដោះស្រាយវិវាទដីធ្លី​ថ្នាក់ស្រុក។

៦. ​រដ្ឋបាលឃុំនីមួយៗ និងកងកម្លាំងសមត្ថកិច្ច ត្រូវ​ក្ដាប់ឲ្យបាន​អំពី​គ្រប់​មុខសញ្ញា​តវ៉ា​ ជា​ពិសេស​រឿងដីធ្លី​​ ធ្វើយ៉ាងណា​ទប់ស្កាត់​កុំឲ្យតវ៉ាដល់​សាលាខេត្ត​ ឬ​ទៅ​តវ៉ា​ដល់​រាជធានី​ភ្នំពេញ បើ​ទប់​មិនជាប់ទេ ត្រូវ​រាយការណ៍​មក​ថ្នាក់ស្រុកឲ្យបានទាន់ពេលវេលា​។
៧. រដ្ឋបាលឃុំ ត្រូវ​ពន្លឿន​ការផ្ដល់​សេវាសាធារណៈ ជូន​បងប្អូន​ប្រជាពលរដ្ឋ។​
៨. រដ្ឋបាលឃុំ ត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចូលរួមត្រៀម​បង្ការ ​នូវ​បាតុភូតធនធានធម្មជាតិ គ្រោះ​មហន្តរាយដោយសារជំនន់ទឹកភ្លៀងនារដូវវស្សានេះ។

៩. ត្រូវចូលរួម និង​ណែនាំ​ប្រជាពលរដ្ឋ​ ឲ្យគោរពច្បាប់ចរាចណ៍ផ្លូវគោក។
១០.បញ្ហាកូវីដ-១៩ នៅតែបន្តគំរាមកំហែងកម្ពុជា​យើង និង​ពិភពលោក​ ដូច្នេះ​ខ្ញុំ​សូម​ អាជ្ញាធរពាក់ព័ន្ធបន្ត​រឹតបន្តឹងវិធានការ​ដែលមានស្រាប់​ ដើម្បីកុំឲ្យមានការឆ្លងទៅ​សហគមន៍៕

Leave a Reply

Your email address will not be published. Required fields are marked *