រដ្ឋបាលខេត្តកំពង់ឆ្នាំងបើកយុទ្ធនាការកំណត់អត្តសញ្ញាណ សម្ភាសន៍ផ្តល់បណ្ណសមធម៌ ជូនបុគ្គល ឬគ្រួសារ មានសមាជិកបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅសង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង និងខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំងៈ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងបានដឹកនាំក្រុមការងារបើកយុទ្ធនាការកំណត់អត្តសញ្ញាណ សម្ភាសន៍ផ្តល់បណ្ណសមធម៌ ជូនបុគ្គល ឬគ្រួសារ មានសមាជិកបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅសង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ឯឮលោក ឌឹម ឌន ឌន ប្រធានមន្ទីរផែនការខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងថាៈគ្រួសារក្រីក្រចំនួន ២៧ ៧៨៣
គ្រួសារ បានទទួលការបើកផ្តល់សាច់ប្រាក់ពីរាជរដ្ឋាភិបាល ទន្ទឹមនឹងនោះរាជរដ្ឋាភិបាលបានលើកកម្ពស់​សុខុមាលភាពមាតា និង​ទារក ព្រមទាំង​រួម​ចំណែក​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​របស់​កុមារ ​ក្នុង​គ្រួសារ​ក្រីក្រចាប់តាំងពីកូន​ក្នុងផ្ទៃ​រហូត​ដល់​អាយុ២ឆ្នាំ ​ជំរុញ​ដល់ការលូតលាស់​ទាំង​កាយសម្បទា ទាំងបញ្ញាស្មា​រតីចាប់ពីខែមិថុនា ឆ្នាំ២០១៩មក រាជរដ្ឋាភិបាល បានអនុវត្តនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ នៃគ្រួសារក្រីក្រដែលមានប័ណ្ណសមធម៌ ឬ ប័ណ្ណអាទិភាព ដែលនៅខេត្តកំពង់ឆ្នាំងយើងបានគិតត្រឹមថ្ងៃទី២២ ខែសីហា  ឆ្នាំ២០២៣ បានឧបត្ថម្ភ​សាច់ប្រាក់​ជូនស្រី្ត​មានផ្ទៃពោះ ចំនួន ៦ ០៨០ នាក់ កុមារអាយុក្រោម២ឆ្នាំ ចំនួន ១ ៩២២នាក់ ។

លោក អម សុភា បានមានប្រសាសន៍បញ្ជាក់ថាៈដើម្បី​អភិវឌ្ឍ​​សេដ្ឋកិច្ច-សង្គមឲ្យកាន់តែមានការរីកចម្រើនរាជរដ្ឋាភិ
បាល​បាន​អនុម័ត​ក្របខ័ណបណ្តាគោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥ បាន​ផ្តោតលើ​សសរ​ស្តម្ភ​ពីរ​គឺ ប្រព័ន្ធ​ជំនួយ​សង្គម និងប្រព័ន្ធ​សន្តិសុខ​សង្គម ដែលមាន​គោល
បំណង​ដើម្បីធានា​ឱ្យបាន​នូវ​សន្តិសុខ​ប្រាក់ចំណូល និង​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​ប្រជាជន សំដៅ​លើកកម្ពស់​សុខុមាល​ភាព​និង​សាមគ្គីភាព​សង្គម ព្រមទាំង​កាត់បន្ថយភាពក្រីក្រ​របស់ប្រជាជន។

ជាពិសេសកន្លងទៅគ្រួសារក្រីក្រ និងគ្រួសារដែលងាយរងហានិភ័យដោយគ្រោះទឹកជំនន់ និងគ្រួសារងាយរងហានិ
ភ័យ ដោយសម្ពាធអតិផរណា បានទទួលការបើកផ្តល់សាច់ប្រាក់នៃគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល​​ ។

ក្នុងនោះរាជរដ្ឋាភិបាលក៏បានអនុវត្តកម្មវិធីប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលចំពោះក្រុមគោលដៅនៃជនងាយរងគ្រោះ ដូចជាអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍  ជនមានពិការភាព អតីតយុទ្ធជន និងក្រុមគោលដៅនៃជនងាយរងគ្រោះផ្សេងៗទៀត ដើម្បីឲ្យពួកគាត់បានទទួលសេវាសុខាភិបាលក្នុងការពិនិត្យសុខភាព ការព្យាបាលជំងឺ ដោយពុំមានបង់ថ្លៃសេវានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈរបស់រដ្ឋ និងមូលដ្ឋានសុខាភិបាលឯកជនដែលមានចុះកិច្ចសន្យាជាមួយបេឡាជាតិសន្តិសុខសង្គម(ប.ស.ស)។

ជាពិសេសថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការប្តេជ្ញា និងធានាអនុវត្តឱ្យបានសម្រេចជោគជ័យនូវ «កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល» ​ និងផ្តោតការយកចិត្តទុកដាក់លើ កម្មវិធីគោលនយោ​បាយ​ជាអាទិភាពទាំង ៦ ដែលនឹងត្រូវបានដាក់ឱ្យចាប់ផ្តើមអនុវត្តភ្លាមនៅក្នុងឆ្នាំ ២០២៣ នេះ រួមមាន ៖
(១). ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល;
(២). ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ជូនដល់យុវជនមកពី គ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស
(៣). ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជន ងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋ-កិច្ច និងគ្រាមានគ្រោះអាសន្ន
(៤). ការដាក់ចេញ និងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារសង្គមផ្លូវការ
(៥). ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើក ស្ទួយផលិតកម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ  និង
(៦). ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមាន សកម្មភាពកសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាមទី ជនបទ ។

ករណីមូលនិធិ​ជាតិ​ជំនួយសង្គមក៏មានឆន្ទៈក្នុងការពង្រីកវិសាលភាពកម្មវិធីជំនួយសង្គម សំដៅ គ្របដណ្តប់​លើ​មនុស្សគ្រប់វ័យ ជាក់ស្តែង​គឺបាននឹង​កំពុងរៀបចំ «កម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» ដែលត្រូវធ្វើ​សមាហរណកម្ម​​​កម្មវិធី​ជំនួយ​សង្គមបញ្ចូលគ្នា ក្នុងកញ្ចប់តែមួយ រួមមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់​ជូនស្រ្តី​មានផ្ទៃពោះ និងកុមារអាយុ​ក្រោម២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព កម្មវិធីឧបត្ថម្ភសាច់ប្រាក់​ដល់សិស្សក្រីក្រ​នៅបឋមសិក្សា និងមធ្យមសិក្សា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនមនុស្សវ័យចាស់​អាយុ៦០ឆ្នាំឡើង និងកម្មវិធីឧបត្ថម្ភ​សាច់ប្រាក់​ជូន​អ្នកផ្ទុកមេរោគអេដស៏និងជំងឺអេដស៏ ហើយគ្រោងដាក់ឱ្យដំណើរការ​នៅដើម​ឆ្នាំ២០២៤​ខាងមុខនេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *