អបអរសាទរកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ ម៉ារ៉ាតុងចក្រភពខ្មែរលើកទី៨ មានអត្តពលិកជាតិ និងអន្តរជាតិចំនួនជាង២៥០០នាក់ មកពី៤៥ប្រទេសនៅក្នុងតំបន់រមណីយដ្ឋានអង្គរ

សៀមរាប៖ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣នេះ មានអត្តពលិកជាតិ និងអន្តរជាតិចំនួន ២៥១១នាក់ មកពី៤៥ប្រទេស បានចូលរួមរត់ប្រណាំងក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ ម៉ារ៉ាតុងចក្រភពខ្មែរលើកទី៨ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រោមកិច្ចសហការពីក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងអាជ្ញាធរខេត្តសៀមរាប។

អញ្ជើញបើកព្រឹត្តិការណ៍នាពេលនោះ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លើកឡើងថា ព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពខ្មែរលើកទី៨នេះ ជាព្រឹត្តិការណ៍កីឡា ដំបូងបន្ទាប់ពីកីឡាស៊ីហ្គេម ដែលកម្ពុជាទើបតែទទួលធ្វើជាម្ចាស់ផ្ទះ ហើយក៏បន្ទាប់ពីការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៧ផងដែរ។ ទាំងនេះ បានបង្ហាញឱ្យឃើញថា ប្រទេសកម្ពុជាមានសុខសន្តិភាព និងស្ថិរភាព តាមរយៈការចូលរួមយ៉ាងសប្បាយរីករាយរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិ ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ។

ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា ការរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពខ្មែរនៅឆ្នាំ២០២៣នេះ នឹងជំរុញដល់ការធ្វើពិពិធកម្មកីឡាទេសចរណ៍ដទៃទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប។ ឯកឧត្តម រពឹងថា នៅឆ្នាំ២០២៣នេះ ប្រទេសកម្ពុជា នឹងទទួលបានភ្ញៀវទេសចរប្រមាណ ៥លាននាក់ ហើយសម្រាប់ឆ្នាំ២០២៦ខាងមុខ ភ្ញៀវទេសចរអន្តរជាតិនឹងកើនដល់ ៧លាននាក់។

គួរជម្រាបថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ ម៉ារ៉ាតុងចក្រភពខ្មែរ តែងរៀបចំនៅដើមខែសីហា ដែលស្ថិតក្នុងរដូវវស្សា ដើម្បីជំរុញដលសកម្មភាពទេសចរណ៍ក្នុងប្រទេស ដែលមាន៤វិញ្ញាសារួមមាន ចម្ងាយ ៤២.១៩៥ គីឡូម៉ែត្រ  ចម្ងាយ ២១គីឡូម៉ែត្រ  ចម្ងាយ ១០គីឡូម៉ែត្រ  និងចម្ងាយ ៣គីឡូម៉ែត្រ៕

Leave a Reply

Your email address will not be published. Required fields are marked *