ដោយ៖ មាន រតនា
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋចំនួន២០៩ គ្រួសារ រស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានចាប់ឆ្នោតទទួលយកដីឡូតិ៍កសិកម្ម ជាដីសម្បទានសង្គមកិច្ច ដែលរាជរដ្ឋាភិបាលបានប្រគល់ជូនតាមរយៈអាជ្ញាធរខេត្តព្រះវិហារ ជាជំហ៊ានលើកទី២ហើយ បន្ទាប់ពីជំហ៊ានទី១ បានចាប់ឆ្នោតចំនួន៩៩គ្រួសារម្ដងហើយនោះ។
ការចាប់ឆ្នោតទទួលយកក្បាលដីកសិកម្មនេះក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក ជាច្រើនរូបទៀត។
ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តបានថ្លែងថា ដីឡូតិ៍កសិកម្មដែលប្រគល់ជូនប្រជាពលរដ្ឋនេះគឺផ្តើមចេញពីអនុក្រឹត្យលេខ ០២ អនក្រ.បក ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ស្តីពីការ កំណត់តំបន់សហគមន៍ ស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព លើផ្ទៃដីចំនួន ៥,០០០ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំយាង និងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ឯកឧត្តមបានបញ្ជាក់ទៀតថា ខេត្តព្រះវិហារទទួលបានអនុក្រឹត្យកំណត់តំបន់សហគមន៍ក្នុងឆ្នាំ២០១៦ ក្នុងអាណត្តិអភិបាលខេត្តមុនៗ។ ដោយឡែកក្នុងឆ្នាំ២០២០ ក្នុងអាណត្តិរបស់ឯកឧត្តមជាអភិបាលខេត្ត បានចាត់តាំងក្រុមការងារគណៈកម្មាធិការបែងចែក និងប្រើប្រាស់ដីខេត្ត រៀបចំផ្តល់ដីសម្បទានសង្គមកិច្ច (ដីកសិកម្ម) ជូនប្រជាពលរដ្ឋចំនួន ១,០៤៥គ្រួសារ ដែលបានទទួលដីលំនៅដ្ឋានក្នុងភូមិធម្មជាតិរួចហើយ។
ឯកឧត្តមបានឱ្យដឹងទៀតថា ចាប់ពីពេលនេះតទៅប្រជាពលរដ្ឋនឹងទទួលបាននូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លីរបស់ខ្លួន ហើយបាតុភាពរំលោភបំពានលើដីធ្លី ដែលធ្លាប់ជួបប្រទះនៅពេលមុនៗ នឹងត្រូវបានបញ្ចប់ជាស្ថាពរ។ ទន្ទឹមនេះប្រជាពលរដ្ឋដែលទទួលបានដីកសិកម្មចំនួន២ហិកតានេះ មានសិទ្ធប្រើប្រាស់អាស្រ័យផលផ្តាច់មុខ និងទូលំទូលាយ ដោយកុំឱ្យយកដីនេះទៅប្រើប្រាស់ក្នុងបទណាមួយដែលច្បាប់ហាមឃាត់ ហើយត្រូវប្រើប្រាស់ដីនេះដាំដំណាំផ្សេងៗជាបន្តបន្ទាប់ឱ្យគ្រប់រយៈពេល ៥ឆ្នាំទើបអាចមានសិទ្ធយកដីនេះទៅលក់ដូរ ជួល ផ្ទេរ ឫបញ្ចាំធានាគារបាន។
ជាមួយគ្នានេះ ឯកឧត្តម ប្រាក់ សុវណ្ណ ក៏បានណែនាំឱ្យអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្តតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន ព្រមទាំងបទបញ្ជារបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធិភាព និងមានមនសិការទទួលខុសត្រូវខ្ពស់ ការពារកុំឱ្យមានការចូលកាន់កាប់ទន្ទ្រានដីរដ្ឋ បោះបង្គោលលើដីរដ្ឋថ្មីៗ ត្រូវហាមឃាត់ ជាដាច់ខាត ដើម្បីថែរក្សាទ្រព្យសម្បត្តិធម្មជាតិរបស់ប្រទេសជាតិឱ្យមានចីរភាពតជំនាន់ទៅអនាគត។
ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរ ដល់ក្រុមការងារនៃគណៈកម្មាធិការបែងចែក និងប្រើប្រាស់ដីខេត្តដែលបានខិតខំអស់កម្លាំងកាយចិត្ត ប្រកបដោយស្មាតីលះបង់ខ្ពស់ ក្នុងការរៀបចំកិច្ចដំណើរការនៃការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ទៅតាមជំហ៊ានការងាររួមមាន៖
- ការរៀបចំធ្វើផ្លូវទទឹង៣០ម៉ែត្រ និងផ្លូវទទឹង១៥ម៉ែត្រ
- រៀបចំបោះបង្គោលព្រំដីកសិកម្ម
- រៀបចំផ្ទៀងផ្ទាត់មុខសញ្ញាអ្នកទទួលដីសរុបចំនួន ១០៤៥គ្រួសារ
- រៀបចំធ្វើពិធីចាប់ឆ្នោតប្រគល់ដីឡូតិ៍កសិកម្មចំនួន៩៩ឡូតិ៍ ស្មើនិង១៩៨ហិកតា។
ចំពោះបងប្អូនដែលមិនទាន់ទទួលបាននៅថ្ងៃនេះ និងបានទទួលនៅថ្ងៃក្រោយជាបន្តបន្ទាប់ទៀត៕