ស្នងការនគរបាល ខេត្តកំពង់ឆ្នាំងបង្ហាញមុខជនសង្ស័យ៣ករណីក្នុងនោះ១ករណីនៅស្រុកសាមគ្គីមានជ័យគឺជាករណីប្លន់សម្លាប់យកទ្រព្យសម្បត្តិមិនមែនជាករណីផឹកស្រវឹងទាស់សំដី គ្នានោះទេ

ខេត្តកំពង់ឆ្នាំង ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានបង្ហាញមុខជនសង្ស័យជាច្រើននាក់ក្នុងអំពើឃាតកម្ម និងឆក់ ប្លន់ ចំនួន៣ ករណីដែលបង្កឡើងជាបន្តបន្ទាប់នៅកន្លែងផ្សេងៗគ្នា ។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក ឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានរៀបរាប់ថា ក្រោយពេលមានអំពើហិង្សាកាប់
សម្លាប់និងឆក់ប្លន់ ជាបន្តបន្ទាប់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានចាត់ឱ្យលោកដឹកនាំកម្លាំងស្រាវជ្រាវ ដោយ
មានការសម្របសម្រួលពីព្រះរាជអាជ្ញា អមសាលាដំបូង ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់។

ករណីទី១ បានកើតឡើងនៅយប់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៣ មានអំពើហិង្សាកាប់មនុស្ស២នាក់ នៅស្រុករលាប្អៀរ បណ្តាលឱ្យស្លាប់ម្នាក់ឈ្មោះ ឡុង សុខេន អាយុ២៤ឆ្នាំ និងម្នាក់ទៀតរងរបួសធ្ងន់ ឈ្មោះ អេង សំអូន អាយុ ១៨ឆ្នាំ ពួកគេទាំង២នាក់មានទីលំនៅភូមិព្រែកឆ្តោ ឃុំកំពុងអូស ស្រុកជល់គីរី ។

ក្រោយការស្រាវជ្រាវសមត្ថកិច្ចយើងចាប់បានជនសង្ស័យម្នាក់ នៅថ្ងៃទី២០ ខែមីនា  មានឈ្មោះ យ៉ុន សុភារុន យកមកសាកសួរ ទើបឈានដល់ ចាប់ជនសង្ស័យចំនួន ៤នាក់បន្ថែមទៀត ដែលជាបក្សពួកតែមួយ ក្នុងអំពើកាប់ប្រហារ ជនរងគ្រោះបណ្ដាលឱ្យស្លាប់នៅ មុខយានដ្ឋានជួសជុលរថយន្ត១កន្លែង ក្នុងស្រុករលាប្អៀរ។

ករណីទី ២នៅយប់ថ្ងៃទី២០ខែមីនា មានអំពើឆក់១ករណី ទៅលើជនរងគ្រោះឈ្មោះ ព្រុំ ស្រីខួច ភេទស្រី ក្រោយការ
ស្រាវជ្រាវក៏បានចាប់ឃាត់ខ្លួនបានមាន ឈ្មោះ ហ៊ុន ចាន់ឌឿន មានទីនៅភូមិត្រពាំងគរ ឃុំជ្រៃបាក់ស្រុករលាប្អៀរ  ដោយដកហូតបាន កាបូប ទូរស័ព្ទដៃ ១គ្រឿង និងប្រាក់មួយចំនួន ប្រគល់ជូនជនរងគ្រោះវិញ។

ដោយឡែកករណីទី ៣ នៅយប់ថ្ងៃទី ២១ ខែមីនា  មានអំពើកាប់សម្លាប់ជនរងគ្រោះបណ្ដាលឱ្យស្លាប់ រួចប្លន់យកទូរស័ព្ទដៃ២ គ្រឿងនិងម៉ូតូ១គ្រឿង របស់ជនរងគ្រោះឈ្មោះ នុត សារឿន អាយុ៥២ឆ្នាំ  មានទីលំនៅ ភូមិតាំងពោន ឃុំពាម ស្រុកសាមគ្គីមានជ័យ ។

ចំណុចនេះលោកស្នងការរងនគរបាលខេត្តបានបដិសេធថាពុំមែនកើតឡើងដោយសារផឹកស្រវឹងនោះទេ  លោកបានបញ្ជាក់ថា ក្រោយការស្រាវជ្រាវនៅល្ងាចថ្ងៃទី២២ខែមីនា យើងបានឃាត់ខ្លួន ជនសង្ស័យឈ្មោះ វ៉ុន រិត អាយុ១៦ឆ្នាំ មានទីលំនៅខ្សាង ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ  ចំពោះករណីនេះលោកបានបញ្ជាក់ថា៖ ឈ្មោះ វ៉ុន រិត នេះត្រូវបានម្ដាយយកឲ្យទៅផ្ញើ នៅវត្ត១នៅភ្នំជំរាយ ប៉ុន្តែនៅថ្ងៃកើតហេតុ ឈ្មោះនេះបានរត់ចេញពីវត្ត ហើយបានហៅម៉ូតូឌុបដែលជាជនរងគ្រោះជិះ បំណងទៅផ្ទះរបស់ខ្លួន នៅភូមិខ្យាងវិញ ។ ប៉ុន្តែមកតាមផ្លូវ ល្ងាចពេក ជនរងគ្រោះអាណិត ឲ្យដេកនៅផ្ទះរបស់ខ្លួន ។នៅល្ងាចនោះជនរងគ្រោះបានដាំបាយឲ្យជនសង្ស័យហូប និងទិញ
ស្រាបៀរ មកផឹករួមគ្នាជាមួយអ្នកជិតខាងចំនួន ២ នាក់ទៀត។លុះក្រោយផឹកស៊ីចប់ អ្នកជិតខាងទៅផ្ទះអស់។

ជនសង្ស័យនិងជនរងគ្រោះគឺដេកនៅផ្ទះជាមួយគ្នា លុះយប់ឡើងជនសង្ស័យបានធ្វើសកម្មភាពកាប់នឹងចាក់ជនរងគ្រោះសម្លាប់ ដើម្បីប្លន់យកទូរស័ព្ទដៃ២គ្រឿងនិងម៉ូតូ១គ្រឿង របស់ជនរងគ្រោះជិៈគេចខ្លួនបាត់ទៅ។ក្រោយធ្វើសន្និសិទ្ឋកាសែតរួច សមត្ថកិច្ច បានបញ្ជូនជនសង្ស័យទាំង៣ករណី ជាមួយនិងសំណុំរឿងទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *