បទល្មើស​របាំង​ណរ៉ាវ​បំពាក់ក្បាលច្បរ និងរបាំងស្បៃមុងពណ៍ខៀវ ​ដាក់​រាយប៉ាយពាសពេញ​ផ្ទៃបឹងទន្លេសាប មន្រ្តីជំនាញរក្សាភាពស្ងៀមស្ងាត់មិនព្រមចុះបង្ក្រាប

(ខេត្តពោធិ៍សាត់) ៖ ស្របពេលទឹកទន្លេ កំពុងស្រកចុះខ្លាំង ក្នុងរដូវប្រាំងឆ្នាំ២០២៣នេះ បទល្មើសរបាំងណរ៉ាវនិងរបាំងស្បៃមុងពណ៍ខៀវ មានសន្ទុះកើនឡើងគ្មានការថមថយ។

យោងតាមប្រភពពីអ្នក នេសាទលក្ខខណ្ឌគ្រួសារលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានប្រាប់ភ្នាក់ងារទូរទស្សន៍កម្ពុជាប៉ុស្តិ៍លេខ8ឲ្យដឹងថា បទល្មើស​របាំងលបលូស្បៃមុង និងរបាំង​ណរ៉ាវ​បំពាក់ក្បាលច្បរ ធ្វើអំពីសាច់អួន ក្រឡាញឹកប្រវែងចាប់ពី៥០០ទៅ ៨០០ម៉ែត្រនិងមានកន្លែងខ្លះរាប់ពាន់ម៉ែត្រក៏មានដែរ ក្រុមជនល្មើសធ្វើការនេសាទទាំងរដូវបិតនិងរដូវបើកនេសាទជារៀងរាល់ឆ្នាំ ភាកច្រើន កើតឡើងនៅត្រង់ ចំណុចផ្លូវស្ទឹង ចំណុចទន្លេក្រាស់ ចំណុចពាមពពិចចំណុចភូមិថ្គូល ក្នុងឃុំផ្សារចំបក់ ចំណុចជ្រោយស្ដី ក្នុងឃុំក្បាលត្រាច រហូតដល់ភូមិកំពង់ហ្លួង ភូមិកំពង់ប្រាក់ ក្នុងឃុំកំពង់លួង  ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពខាងលើបានឲ្យដឹងបន្តទៀតថា បច្ចុប្បន្ននេះរបាំងស្បៃមុងពណ៍ខៀវ និងរបាំងណរ៉ាវធ្វើអំពីសាច់អួនក្រឡាញឹក កំពង់បង្អួតរាងលើផ្ទៃទឹក រាប់សឹបខ្សែ ត្រូវបានក្រុមជនល្មើស ចាប់យកត្រីចម្រុះល្អិតៗគ្រប់ប្រភេទក្នុងមួយថ្ងៃៗ ពី៥តោនទៅ១០តោន ពេលរដូវទឹកស្រកក្នុងរដូវត្រីចុះដូចជាខ្នើតខែបុស្ស ខែមាឃ ខែផល្គុន ចាប់បានរាប់រយតោនក៏មានដែរ ។

ប្រភពបានប្រាប់ទៀតថា ទោះបីគេដឹងថា ឧបករណ៍ទាំងនេះត្រូវបានច្បាប់ស្តីពីជលផលធ្វើការហាមឃាត់ជាដាច់ខាត ខណះឧបករណ៍ទាំងនេះនាំឱ្យបំផ្លិចបំផ្លាញពូជមច្ឆាជាតិយ៉ាងឆាប់រហ័ស យ៉ាងណាក្ដី ក៏គេមិនដែលឃើញមន្ត្រីជំនាញជលផល និងអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ដែលមានតួនាទីគ្រប់គ្រង ក្នុងដែនសមត្ថកិច្ចក្នុងតំបន់នោះ ចុះទៅធ្វើការទប់ស្កាត់ និងបង្ក្រាបអោយមានប្រសិទ្ធិភាពម្ដងណាឡើយ។ ជាហេតុ នាំឲ្យមជ្ឈដ្ឋានទូទៅដាក់ការសង្ស័យនិងរិះគន់ចំៗថា មានការឃុបឃិតទទួលបានប្រយោជន៍ ជាប្រព័ន្ធហើយ ទើបក្រុមជនល្មើសអាចនេសាទឧបករណ៍ល្មើសច្បាប់ បានដោយសេរីគ្មានការរំខាន ទាំងរដូវ បិទនិងបើកនេសាទបែបនេះ។

សូមរម្លឹកផងដែរថា បទល្មើសរបាំងសាច់អួនទំនើប បានកើតឡើងនៅចំណុចខាងលើជាច្រើនឆ្នាំមកហើយ មិនមែនទើបកើតមានក្នុងពេលបច្ចុប្បន្ននេះទេ អ្នកនេសាទដែលប្រើឧបករណ៍នេសាទល្មើសច្បាប់ខ្នាតយក្សទាំងនេះជាមុខសញ្ញាដដែលៗភាកច្រើន មកពីភូមិកំពង់ថ្គោលនិងភូមិកំពង់លួងស្រុកក្រគរ  ខេត្តពោធិ៍សាត់។

នៅបច្ចុប្បន្ននេះគេសង្កេត ឃើញប្រជាពលរដ្ឋ មកពីស្រុកជីក្រែង ខេត្តសៀមរាបចាប់ផ្ដើមនាំគ្នាសំរុកយករបាំងសាច់ក្រហមសាច់ខៀវក្រឡាញឹក មកដាក់ក្នុងចំណុចខាងលើ រិតតែច្រើនឡើងៗដោយសារមន្ត្រីជលផលនៅទីនោះ មានភាពធូរលុងបណ្ដាលឲ្យបទល្មើស រីកសាយធំទៅៗ ស្ទើតែរកផ្លូវបើកការណូតចេញចូលមិនបានផង។

យោងតាមប្រភពពីអ្នករបាំងមកពីស្រុកជីក្រែង ខេត្តសៀមរាបបានប្រាប់អង្គភាពសារព័ត៌មានក្រាំងមាសយើងដឹងដែរថា ទោះផ្ទៃបឹងទន្លេសាបក្នុងស្រុកក្រគរ ធំល្វឹងល្វើយ ប៉ុន្តែសម្រាប់ពួកគាត់ ពិកបាករកទីតាំងធ្វើការនេសាទខ្លាំងណាស់ ដោយអ្នកដាក់របាំងធំៗកាង មិនអនុញ្ញាតឲ្យពួកគាត់ធ្វើការនេសាទជិតពួកគេបានឡើយ។ ម្យ៉ាងទៀតមានក្រុមសហគមន៍ និងមានក្រុមប្រឹក្សាឃុំអន្សាចំបក់ម្នាក់ចេញមុខកាងឲ្យម្ចាស់របាំងធំៗទាំងនោះថែមទៀតផង។

ជាក់ស្ដែង នៅថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៣ម្សិលមិញនេះគេសង្កេតឃើញមន្ត្រីបរិស្ថាននិងមន្ត្រីជលផលចំនួន២កាណូត បានបើក កាណូតប្រមូលលុយពីអ្នកដាក់របាំង ថ្នូរមិនបង្ក្រាបនេះជាប្រភពពីអ្នករបាំងមកពីស្រុកជីក្រែង ខេត្តសៀមរាបប្រាប់អ្នកសារព័ត៌មានតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា នាពេលកន្លងទៅ លោកភុន សុវណ្ណានាយផ្នែករដ្ឋបាលជលផលស្រុកកណ្ដៀងនិងស្រុកក្រគរនិងលោកភុំ និមលនាយខណ្ឌរដ្ឋបាលជលផលខេត្តពោធ៌សាត់ ធ្លាប់បានអះអាង ចុះទៅបង្ក្រាប បទល្មើសជលផល នៅភូមិសាស្ត្រខាងលើនេះដែរ ប៉ុន្តែត្រូវបានមជ្ឈដ្ឋានទូទៅ ដែលតាមដាន សង្កេតដឹងរឿងបញ្ហាបទល្មើសនៅចំណុចខាងលើ បានធ្វើការិះគន់យ៉ាងខ្លាំងថា ឃើញតែសន្យាបែបសន្យាខ្យល់ ការចុះបង្ក្រាប គ្មានប្រសិទ្ធិភាព អ្វីឡើយ ហើយការសន្យាអះអាងបង្ក្រាបឲ្យដូចភ្លៀងរលឹមនោះមិនឲ្យបទល្មើសផ្សេងៗ កើតឡើងក្នុងដែនសមត្ថកិច្ច របស់ខ្លួននោះ ហាក់មានភាពផ្ទុយគ្នាទៅវិញ គេសង្កេតឃើញ បទល្មើសបានកើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំគ្មានការថមថយ បើមានការបង្ក្រាបធ្វើបានតែចំពោះបទល្មើស តូចតាចដែលមិនបង់លុយ ឲ្យខ្លួននិងបក្សពួកតែប៉ុណ្ណោះ។

ការយកព័ត៌មានខាងលើនេះមកធ្វើការផ្សព្វផ្សាយ ស្របតាមគោលបំណងរបស់ប្រជានេសាទ លក្ខណៈគ្រួសារ ដើម្បីសំណូមពរទៅដល់មន្ត្រីជំនាញនិងមន្ត្រីពាក់ព័ន្ធក្នុងស្រុកក្រគរនិងខេត្តពោធិ៍សាត់ឲ្យបានជ្រាប ជាពិសេសផ្ញើជូនទៅឯកឧត្តមខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឲ្យបានជ្រាបជាព័ត៌មានដើម្បីបញ្ជូនកម្លាំងមកទប់ស្កាត់និងបង្ក្រាបឲ្យទាន់ពេលវេលា ចូលរួមការពារធនធានមច្ឆាជាតិក្នុងបឹងទន្លេសាបឲ្យសម្បូរឡើងវិញទុកជាប្រយោជន៍សម្រាប់កូនចៅស្រករក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *