ខេត្តកំពង់ឆ្នាំងៈ កាលពីព្រឹកនៅថ្ងៃទី ៨ខែ មិថុនា ឆ្នាំ ២០២១ម្សិលមិញនេះ សមត្ថកិច្ចនគរបាលចរាចរណ៍ជ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដឹកនាំដោយលោកឡុង សុភី នាយរងការិយាល័យចរាចរណ៍ជើងគោក បានប្រដេញឃាត់រថយន្តដឹកដីចំនួន ៧ គ្រឿង ស្របតាមបណ្ដោយផ្លូវលេខ ៥២ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
-នៅក្នុងការឃាត់រថយន្តដឹកដីនោះ សមត្ថកិច្ចបានបញ្ជាឲ្យថៃកុងរថយន្ត យករថយន្តទាំង៧ គ្រឿងទៅចតនៅខាងមុខសាលាឃុំឆ្នុកទ្រូដើម្បីធ្វើការដោះស្រាយ ។
ប៉ុន្តែការដោះស្រាយនោះហាក់មានអាថ៌កំបាំង ខណៈសមត្ថកិច្ចនគរបាលមួយចំនួនតូចដែលកំពង់អនុវត្តខាងលើនេះ មានចរិតក្រអឺតក្រទម ខ្វះវិជ្ជាជីវៈជាមន្ត្រីនគរបាល ដោយប្រើសំដីមិនសមរម្យទៅលើអ្នកកាសែតថែមទាំងហាមឃាត់អ្នកកាសែត មិនអោយថតផ្តិតយករូបភាពមកធ្វើការផ្សព្វផ្សាយដោយមានការរើសអើងជាមួយក្រុមអ្នកសារព័ត៌មាន ដោយគ្រាន់តែអ្នកកាសែតថតយករូបភាពមកធ្វើការផ្សព្វផ្សាយក្នុងន័យអប់រំ ឱ្យមានភាពទូលំទូលាយបញ្ជ្រាប ព័ត៌មានដល់មហាជនតែប៉ុណ្ណោះ។
ករណីសមត្ថកិច្ចឃាត់អ្នកកាសែតមិនឱ្យថតរូបភាពយកទៅផ្សព្វផ្សាយនេះ មានប្រភពជាច្រើនបានលើកឡើងជាសំនួរផ្សេងៗគ្នាថា តើការឃាត់រថយន្តក្នុងគោលបំណង អប់រំ ណែនាំ អោយយល់ដឹងស្ដីអំពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ឬមួយ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនឬយ៉ាងណា? បើខ្លួនជាមន្ត្រីស្អាតស្អំ មានរឿងអីត្រូវខ្លាចអ្នកកាសែត បើគ្រាន់តែអ្នកកាសែត ថតយករូបភាពធ្វើការផ្សព្វផ្សាយ ហេតុអ្វីដូចជាភ័យខ្លាចខ្លាំងម្លេះ ករណីនេះធ្វើឲ្យមហាដាក់ការសង្ស័យ តើមានអាថ៌កំបាំងឬយ៉ាងណា?។
យោងតាមប្រភពពីម្ចាស់រថយន្តដឹកដីដែលសមត្ថកិច្ចឃាត់កាលពីម្សិលមិញលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានប្រាប់ឱ្យអង្គភាពសារព័ត៌មានយើងដឹងថា ពួកគាត់បានធ្វើការដោះស្រាយសម្របសម្រួលនិងត្រូវចំណាយថវិការ សរុបប្រមាណ ១លាន ៣០ ម៉ឺនរៀលទៅឲ្យនគរបាលការិយាល័យចរាចរណ៍ជ្លូវគោកនៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំងដែលដឹកនាំដោយលោកឡុង សុភី ទើបមានការដោះលែងរថយន្តនិងអោយពួកគាត់មានសេរីភាពឡើងវិញ។
ប្រភពពីម្ចាស់រថយន្តដឹកដីលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះអោយដឹងបន្តទៀតថា នៅស្នងការដ្ឋានខេត្តកំពង់ឆ្នាំង បែងចែកការិយាល័យចរាចរណ៍ផ្លូវគោកជា៤ក្រុម ដែលពួកគេតែងតែចុះល្បាតដើម្បីឃាត់រថយន្តដឹកដី គ្មានឯកសាររថយន្តគ្រប់គ្រាន់និងមិនគោរពច្បាប់ចរាចរណ៍ពួកគេនឹងធ្វើការផាកពិន័យចេញជាទឹកលុយមានកន្លែងខ្លះខ្ទង់ពាន់ដុល្លារក៏មានដែរ ប៉ុន្តែក្រុមផ្សេងៗគឺមានការយោគយល់បន្ធូរបន្ថយខ្លះៗ មិនតឹងរឹងដូចក្រុមលោកឡុង សុភី ម្នាក់នេះឡើយ។
ប្រភពពីម្ចាស់រថយន្ដបានអះអាងបន្ថែមទៀតថា ការចុះឃាត់រថយន្ត៧គ្រឿងម្សិលមិញនេះ មានករណីខ្លះធ្វើការផាកពិន័យមិនត្រឹមត្រូវនិងគ្មានហេតុផល ដោយពួកគាត់បានអះអាងថា
១.ការផាកពិន័យមិនពាក់ខ្សែក្រវ៉ាត់ទាំងរថយន្តនោះឈប់គ្មានការបើកបរ
២.ផាកពិន័យរថយន្តដឹកដីមិនគ្រប ទាំងរថយន្តនោះបើកបរនៅលើផ្លូវលុំដែលមានចម្ងាយប៉ុន្មានពី ១០០ទៅ ២០០ ម៉ែត្រចេញពីរណ្ដៅ
៣.ផាកពិន័យឯកសាររថយន្តមិនគ្រប់គ្រាន់ ដូចជា ឈៀកអាជីវកម្ម ហួសសុពលភាព បន្តិចបន្តួច ដោយគ្មានការអនុគ្រោះខណៈពេលនេះគឺជាសម័យកាលជម្ងឺ covid 19 កំពុងរីករាយជាសកលនិងកំពុងវាយលុកមកលើប្រទេសកម្ពុជាយើងនិង ប៉ះពាល់ផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរផងដែរ។
ប្រភពដដែលបានបន្តទៀតថា ការផាកពិន័យកាលពីម្សិលមិញនេះហាក់គ្មានតម្លាភាពឡើយ ខណៈនៅឃុំឆ្នុកទ្រូគឺមានរថយន្តដឹកដីចំនួន៣ ក្រុមដែលកំពុងដឹកដីនៅជិតៗគ្នា ប៉ុន្តែសមត្ថកិច្ចមិនឃាត់យកមកសួរនាំដូចករណីក្រុមពួកគាត់ឡើយ ដោយប្រភពបានរិះគន់ថា វាជាករណី បក្សពួកនិយម ឬក៏ជាឆ្នាំងបាយចាស់របស់ពួកគេក៏ថាបានដែរ។
ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានយើងមិនអាចសុំការបកស្រាយពីលោកឡុង សុភីនាយរងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំងបានឡើយទេ នៅរសៀលថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២១ នេះ ដោយទូរសព្ទរបស់លោកមិនអាចធ្វើការទំនាក់ទំនងបាន អង្គភាពគេហទំព័រ ក្រាំងមាស ស្វាគមន៍រាល់ការបកស្រាយពីលោកឡុង សុភីនិងសម៉ីពាក់ព័ន្ធនៅការិយាល័យ រាល់ម៉ោងធ្វើការជានិច្ចដើម្បីឆ្លុះបញ្ចាំងរកការពិតសុក្រិតនិងយុត្តិធម៌ស្របតាមក្រមសីលធម៌និងវិជ្ជាជីវៈ៕