ដោយ៖ មាន រតនា
កំពង់ធំ៖ នៅព្រឹកថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងផ្សព្វផ្សាយស្តីពីវិធានការគ្រប់គ្រង និងទប់ស្កាត់ការរំលោភកាន់កាប់ដីរដ្ឋខុសច្បាប់នៅភូមិកំពប់អំបិល ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋ កុំព្យាយាមធ្វើរឿងអ្វីដែលប្រាសចាកពីច្បាប់ កុំឱ្យប្រើអំពើហិង្សាទៅលើសមត្ថកិច្ច និងប្រឆាំងទៅលើរាជការសាធារណៈ។ ហើយបានស្នើឱ្យបងប្អូនប្រជាពលរដ្ឋនៅ ឃុំបឹងល្វា ទាំងអស់ត្រូវខិតខំធ្វើយ៉ាងណានិយាយគ្នាដោយសន្តិវិធី កុំឱ្យស្ដាប់ការញុះញ៉ង់អ្នកនៅពីក្រោយខ្នងដោយបញ្ឈប់ជាបន្ទាន់។
ឯកឧត្តម ក៏បានស្នើដល់ប្រជាពលរដ្ឋឱ្យរក្សាស្ថានភាពនៅដដែល ដើម្បីឱ្យក្រុមការងារចុះទៅដោះស្រាយ និងចូលរួមសហការជាមួយក្រុមការងារដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងផលប្រយោជន៍ប្រទេសជាតិ។ ប្រសិនបើមានសមត្ថកិច្ច ឬបក្សពួកណាម្នាក់ដែលមានដីនៅក្នុងតំបន់ជម្លោះ សូមរាយការណ៍មកឱ្យឯកឧត្តមផ្ទាល់ ដើម្បីចាត់ឱ្យក្រុមការងារចុះសិក្សាស្រាវជ្រាវ។
នាឱកាសនោះ ឯកឧត្តម បានចាត់អភិបាលរងមួយរូប និងក្រុមការងារចុះធ្វើបច្ចុប្បន្នភាពដីនៅតំបន់ដែលមានជម្លោះសារឡើងវិញឱ្យបានច្បាស់លាស់ដោយសុក្រិត ដើម្បីស្នើទៅរដ្ឋាភិបាល។ ចំពោះឈ្មួញដែលប្រព្រឹត្តខុសអំពីច្បាប់ ឯកឧត្តមមិនលើកលែងនោះទេ រីឯការទទួលស្គាល់ភូមិស្របច្បាប់ គឺចេញដោយក្រសួងមហាផ្ទៃមិនមែនទទួលស្គាល់ដីព្រៃនោះទេ។ ហើយឯកឧត្តម ក៏បានថ្លែងដាស់តឿនដល់មេភូមិ មេឃុំ កុំចេះតែរពិសដៃចុះហត្ថលេខាលើការទិញលក់ដីខុសច្បាប់ឱ្យសោះ។
ឯកឧត្តម ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់ និងផ្គររន្ទៈ ដែលងាយបង្កគ្រោះថ្នាក់ ហើយបើបងប្អូនមានបញ្ហាអ្វីកើតឡើងត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីឱ្យក្រុមការងារចុះជួយដល់បងប្អូនបានឆាប់រហ័ស និងទាន់ពេលវេលា។
ឯកឧត្តម បានបញ្ជាក់ថា ចំពោះភូមិ/ឃុំមានសុវត្ថិភាព ត្រូវបានផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅតាមមូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋទទួលបាននូវចំណេះដឹងច្បាស់លាស់ កុំឱ្យមានបញ្ហាអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានផ្សេងៗដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់បំផុត ព្រមទាំងខិតខំពន្យល់ដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីការប្រែប្រួលអាកាសធាតុ។
ក្នុងនោះឯកឧត្តមអភិបាលខេត្ត បានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវរស់នៅមានអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុលឱ្យបានញឹកញាប់ និងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែងនៅពេលចេញទៅខាងក្រៅ៕