ខេត្តក្រចេះ៖ យុទ្ធនាការហែរក្បួនតាមទីសាធារណៈក្រោមប្រធានបទអន្ទាក់សូន្យ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន មន្ទីរបរិស្ថាន និងអង្គការអភិរក្សអន្តរជាតិ (CI) គម្រោងព្រៃឡង់បៃតង អង្គការ WWF អង្គការ WCS អង្គការ WEA អង្គការ NatureLife និងអង្គការ RECOFTC ដើម្បីបញ្ឈប់ការដាក់អន្ទាក់គ្រប់ ប្រភេទនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជាដើម្បីអភិរក្សសត្វព្រៃអោយនៅគង់វង្ស និងការពារអោយសត្វព្រៃនៅកម្ពុជា មានចំនួនសម្បូរឡើងវិញ ។
អន្ទាក់ដែលប្រមូលបាននៅក្នុងតំបន់ការពារដែលអង្គការអភិរក្សបានជួយគាំទ្រ មានចំនួន ប្រហែល២០០០ ទៅ២៥០០អន្ទាក់ក្នុងមួយឆ្នាំៗ ដែលអន្ទាក់ទាំងនោះមានដូចជាអន្ទាក់ខ្សែកាប និង អន្ទាក់ខ្សែនីឡុង សម្រាប់ចាប់សត្វទាំងតូចទាំងធំ ។ មានសត្វព្រៃមួយចំនួនត្រូវបានប្រទះឃើញជាប់អន្ទាក់ និងមួយចំនួនទៀតក៏ត្រូវបានរឹបអូសពីអ្នកប្រម៉ាញ់ អន្ទាក់គឺជាឃាតករសម្ងាត់ដែលបាននិងកំពុង សម្លាប់សត្វព្រៃយើងជារៀងរាល់ថ្ងៃ ។ ដែលនេះជាការបញ្ជាក់ឲ្យដឹងពីតំណាងអង្គការអភិរក្សអន្តរជាតិ ។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា សព្វថ្ងៃអន្ទាក់បានកំពុងគំរាមកំហែង ជីវិតសត្វស្ទើរគ្រប់ប្រភេទ នៅក្នុងតំបន់ការពាររួមមានទាំងបក្សី សត្វជើងពីរ ជើងបួន ដូចជាពពួកជើងចំពាមជាដើម វាជាការចាំបាច់ ត្រូវរៀបចំនូវវិធានការពហុវិស័យ ដែលនឹងអាចជាចលករជំរុញការផ្លាស់ប្តូរ ដើម្បីបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់ នៅទូទាំងប្រទេសកម្ពុជា ។ វិបត្តិអន្ទាក់ បាននាំឱ្យសត្វភាគច្រើនត្រូវងាប់នៅនឹងកន្លែង ដោយសារគ្មានចំណី ខ្សោះជាតិទឹក និងសុខភាពខ្សោយជាដើម ។
បើទោះបីសត្វទាំងនោះ មានសំណាងរួចខ្លួនក្រោយជាប់អន្ទាក់ក៏ដោយ ប៉ុន្តែរបួសដែលបង្កដោយអន្ទាក់នោះ អាចធ្វើឱ្យសត្វទាំងនោះត្រូវពិការ ឬរបួសរ៉ាំរ៉ៃ រហូតត្រូវបាត់បង់ជីវិតវិញក៏មាន។ ហេតុនេះហើយទើបអន្ទាក់បានក្លាយជាឃាតកលាក់មុខនៅតាមព្រៃ រង់ចាំសម្លាប់សត្វតូច-ធំ មិនរើសមុខ ហើយវាក៏បានក្លាយជាក្តីបារម្ភសម្រាប់អ្នកការពារ និងអភិរក្សសត្វព្រៃនៅកម្ពុជា និងក្នុងពិភពលោកដែរ ។
ឯកឧត្តម នេត្រ ភក្ត្រា បន្តថា ៖ ការបញ្ចប់វិបត្តិអន្ទាក់ និងជួញដូរសត្វព្រៃខុសច្បាប់ ត្រូវតែផ្តើមចេញពីសកម្មភាពនៃការចូលរួមរបស់ប្រជាពលរដ្ឋមូលដ្ឋាន និងការអនុវត្តច្បាប់អោយបានតឹងរឹងពីអាជ្ញាធរមូលដ្ឋាន ដោយរាប់ចាប់ពីប្រជាពលរដ្ឋក្នុងភូមិ ដល់អ្នកផ្តល់សេវាដឹកជញ្ជូន អ្នកលក់ដូរ ម្ហូបអាហារ នៅទីផ្សារក្នុងក្រុង និងទីប្រជុំជន រហូតដល់ម្ចាស់ ភោជនីយដ្ឋាន និងអតិថិជន ការចូលរួមរបស់ប្រជាពលរដ្ឋសហគមន៍ គឺដើរតួយ៉ាងសំខាន់ក្នុងការផ្តល់សុវត្ថិភាព ដល់ ការរស់រាននៃសត្វព្រៃគ្រប់ប្រភេទ ក្នុងទីជម្រកព្រៃធម្មជាតិ និងក្នុងការចូលរួមបញ្ឈប់ការប្រើប្រាស់ និងការដាក់អន្ទាក់ ក្នុងដែនជម្រកធម្មជាតិសម្រាប់សត្វព្រៃ ។ ក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបញ្ឈប់ការទទួលទាន សាច់សត្វព្រៃ ឬ ជាវផលិតផលពីសត្វព្រៃដទៃទៀតជាដាច់ខាត ។
យុទ្ធនាការនេះ គឺជាប្រធានបទមួយឆ្លុះបញ្ចាំងទៅនឹងការអប់រំផ្សព្វផ្សាយ ជំរុញការចូលរួមថែរក្សាស្រឡាញ់រាល់ ធនធានធម្មជាតិ ដែលជាសម្បត្តិដ៏មានសក្តានុពល ក៏ដូចជាការបំផុសចលនានៃការចូលរួមគោរពច្បាប់ និងអនុវត្តវិធានការ ច្បាប់ដើម្បីធានាការគ្រប់គ្រងថែរក្សាការពារធនធានទាំងនោះ ឱ្យបានគង់វង្សស្ថិតស្ថេរតរៀងទៅ ៕