មន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ បន្តចុះត្រួតពិនិត្យ រកឃើញ និងដកហូត ទំនិញខូចគុណភាពមួយចំនួនធំ ពីផ្សារតំបែរ យកទុកកម្ទេចចោល!!

(ត្បូងឃ្មុំ)៖ ទំនិញហួសកាលបរិច្ឆេទ សំបកប៉ោងកំពិត ខូចគុណភាព នៃការប្រើប្រាស់មួយចំនួនធំ ត្រូវបានមន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ ចុះពិនិត្យរកឃើញ ធ្វើការដកហូតយកទុកកម្ទេចចោល។

ប្រតិបត្តិការរកឃើញទំនិញខូចគុណភាពជាច្រើនមុខខាងលើនេះ ធ្វើឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ បន្ទាប់ពីលោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ដឹកនាំដោយលោក តូច សុខន ប្រធានមន្ទីរ បន្តចុះធ្វើការត្រួតពិនិត្យពង្រឹងគុណភាព និងសុវត្ថិភាពទំនិញម្ហូបអាហារ ដោយធ្វើការត្រួតពិនិត្យស្លាកសញ្ញា កាលបរិច្ឆេទប្រើប្រាស់ ធ្វើតេស្តបឋមរកសារធាតុគីមីលើបន្លែត្រីសាច់មួយចំនួន ក្នុងផ្សារតំបែរ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ជាពិសេសយកគំរូបន្លែត្រីសាច់ទាំងនោះ បញ្ជូនទៅមន្ទីរពិសោធន៍អគ្គនាយកដ្ឋានកាំកុងត្រូលជាបន្ត ដើម្បីត្រួតពិនិត្យបន្ថែមទៀត។

លោក មាស មោរ៉ា បានបញ្ជាក់ថា ក្រោមការណែនាំពីអគ្គនាយកដ្ឋានកាំកុងត្រូល ដែលបានឲ្យសាខាកាំកុងត្រូលទាំងអស់ទូទាំងប្រទេស បន្តអនុវត្តតាមផែនការសកម្មភាពរបស់ខ្លួន ដើម្បីធានាសុវត្ថិភាព ចំណីអាហារ និងធានាសុខភាពជូនប្រជាពលរដ្ឋ ជាអ្នកទទួលទានជាប់ជាប្រចាំឲ្យដូចភ្លាមរលឹម។

បន្ទាប់មក មន្ត្រីកាំកុងត្រូល និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តចុះទៅត្រួតពិនិត្យនំចំនីដែលដាក់លក់នៅ សាលាបឋមសិក្សាតំបែរ ដើម្បីសុខភាពកូនៗក្មួយៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សីសម្រាប់សង្គមជាតិ។

ក្នុងឳកាសនោះ លោក មាស មោរ៉ា រួមទាំងមន្ត្រីកាំកុងត្រូល និងមន្ត្រីពាណិជ្ជកម្មខេត្ត បានអប់រំ ក៏ដូចជាពន្យល់ណែនាំដល់អាជីវករ មុននឹងយកទំនិញមកលក់ ត្រូវត្រួតពិនិត្យ និងដឹងពីប្រភពឲ្យច្បាស់លាស់ ព្រមទាំងដាក់តាំងលក់ ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាតទំនិញ ដែលគ្មានកាលបរិច្ឆេទច្បាស់លាស់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់៕ ដោយ ឆោម សារិទ្ធ

Leave a Reply

Your email address will not be published. Required fields are marked *